(ហ្សឺណេវ)៖ សារព័ត៌មាន Financial Times បានរាយការណ៍នៅថ្ងៃអាទិត្យ (១៧ ខែកញ្ញា) នេះថា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យទីក្រុងប៉េកាំងផ្តល់ព័ត៌មានបន្ថែមអំពីប្រភពដើម នៃមេរោគឆ្លង(កូវីដ១៩) ហើយបានរត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនក្រុមទីពីរដើម្បីស៊ើបអង្កេតបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់កាសែតដូច្នេះថា «យើងកំពុងជំរុញប្រទេសចិនផ្តល់សិទ្ធិពេញលេញដល់ពួកយើង ហើយយើងស្នើឱ្យប្រទេសនានាលើកឡើងបញ្ហានេះ ក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគីរបស់ពួកគេ ដើម្បីជំរុញឱ្យទីក្រុងប៉េកាំងសហការ»

ការអត្ថាធិប្បាយរបស់ប្រធានអង្គការសុខភាពពិភពលោកខាងលើ ធ្វើឡើងនៅពេលដែលអាជ្ញាធរសុខាភិបាល និងក្រុមហ៊ុនឱសថជុំវិញពិភពលោក ប្រជែងគ្នាធ្វើបច្ចុប្បន្នភាពវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រភេទថ្មីដែលកំពុងកើតមានឡើង។

គួរបញ្ជាក់ថា មេរោគនេះត្រូវបានរកឃើញដំបូងនៅទីក្រុង Wuhan របស់ប្រទេសចិនក្នុងខែធ្នូ ឆ្នាំ ២០១៩ ដែលមនុស្សជាច្រើនសង្ស័យថាវាបានរីករាលដាលនៅទីផ្សារលក់សត្វរស់ មុនពេលរីករាលដាលជុំវិញពិភពលោក និងបានសម្លាប់មនុស្សជិត ០៧លាននាក់៕