(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកជាន់ខ្ពស់ ៤រូប មកពីគណក្សសាធារណរដ្ឋបានជំរុញឱ្យលោកប្រធានាធិបតី ចូ បៃដិន បញ្ជូន មីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន ដើម្បីជួយដល់ប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ ប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
សមាជិកព្រឹទ្ធសភាពអាមេរិកខាងលើដែលជំរុញឱ្យលោក បៃដិន បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន ក្នុងនោះរួមមាន លោក ថម ខុតថុន (Tom Cotton) លោក រ៉ូជឺ វីគឃើ (Roger Wicker) លោកស្រី ស៊ូសាន ខូលីន (Susan Collins) និងលោក លីនស៊ី ក្រាហាំ (Lindsey Graham)។ ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១៦ ខែកញ្ញា សមាជិកព្រឹទ្ធសភាអាមេរិកទាំង៤រូប បានគូសបញ្ជាក់ដូច្នេះថា «អ៊ុយក្រែន បានធ្វើឱ្យកម្លាំងប្រយុទ្ធរបស់រុស្ស៉ីចុះខ្សោយគួរឱ្យកត់សម្គាល់ ហើយដូច្នេះវានឹងតម្រូវឱ្យមានការដកប្រព័ន្ធមីស៊ីល Atacms មួយចំនួនតូច ប៉ុណ្ណោះចេញស្ដុករបស់យើង»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯសេតវិមាន នៅសប្ដាហ៍ក្រោយ ខណៈប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ Army Tactical Missile Systems ឬ Atacms ដែលអ៊ុយក្រែន បានទទូចសុំជាយូរមកហើយនោះ បានក្លាយជាប្រធានក្ដៅសាជាថ្មី។ បើតាមក្រុមមន្ត្រីអាមេរិក ការប្រកាសផ្ដល់ជំនួយយោធាបន្ថែមត្រូវបាន គេរំពឹងថានឹងត្រូវធ្វើឡើង អំឡុងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ក្នុងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែក្នុងបញ្ជីអាវុធគឺមិនមានប្រព័ន្ធមីស៊ីល (Atacms) នោះទេ។
សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាទំហំ ៤៤ពាន់លានដុល្លារហើយសម្រាប់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ រុស្ស៉ីបានហៅសង្រ្គាមរបស់ខ្លួនថាជាប្រតិបត្តិការយោធាពិសេស រីឯអ៊ុយក្រែន និងលោកខាងលិចបានចាត់ទុកថានេះជា សង្រ្គាមឈ្លានពាន៕