(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិភាក្សាពីបញ្ហាសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ជាមួយ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu)​។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ព័ត៌មានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ បានឱ្យដឹងថាអំឡុងដំណើរទស្សនកិច្ចនៅរុស្ស៉ី លោក គីម ជុងអ៊ុន បានទៅទស្សនាយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់រុស្ស៉ី មីស៊ីសល្បឿនលឿនជាងសំឡេង និងនាវាចម្បាំង កាលពីថ្ងៃសៅរ៍កន្លងទៅនេះ អមដំណើរដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ។

បើតាម KCNA លោក គីម និងលោក សយហ្គូ ក៏បានពិភាក្សាគ្នា និងផ្លាស់ប្ដូរយោធាគ្នាប្រកបដោយលក្ខណៈស្ថាបនាផងដែរ លើបញ្ហាសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការពង្រឹងការសម្របសម្រួលយុទ្ធសាស្ត្រ និងតាក់ទិកនៅពេលអនាគត ព្រមទាំងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ទៅវិញទៅមករវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំង២ និងនៅក្នុងវិស័យការពារជាតិ និងសន្តិសុខ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ក៏បានទៅទស្សនាផងដែរនាវាមុជទឹកយុទ្ធសាស្ត្រនុយក្លេអ៊ែរនៃកងទ័ពជើងទឹករុស្ស៉ីប្រចាំតំបន់ប៉ាស៊ីហ្វិក និងនាវាចម្បាំង ដទៃទៀត។ កាលពីដើមខែកញ្ញាកន្លងទៅនេះ កូរ៉េខាងជើងបានសម្ពោធនាវាមុជទឹកនុយក្លេអ៊ែរតាក់ទិកដំបូងបំផុតរបស់ខ្លួន៕