Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធ្លាក់យន្ដហោះក្នុងរដ្ឋ Amazon នៃប្រទេសប្រេស៊ីល សម្លាប់មនុស្ស ១៤នាក់ (Video inside)

17-09-2023 10:12

(សៅ ប៉ូឡូ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសប្រេស៊ីល បាននិយាយថាមនុស្ស ១៤នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះមួយគ្រឿង នៅឯរដ្ឋ Amazon ស្ថិតនៅភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមក្រុមមន្ត្រីប្រេស៊ីល ហេតុការណ៍ធ្លាក់យន្ដហោះដឹកភ្ញៀវទេសចរខាងលើ បានកើតឡើងនៅខេត្ត បាសេឡូស (Barcelos) ស្ថិតនៅចម្ងាយ ប្រហែល ៤០០គីឡូម៉ែត្រ ពីរដ្ឋធានីម៉ាណូស (Manaus) នៃរដ្ឋ Amazon។ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល ក៏បានរាយការណ៍ដែរថាយន្ដហោះដែល ធ្លាក់កាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា (ម៉ោងក្នុងតំបន់) នោះ គឺជាប្រភេទយន្ដហោះខ្នាតតូច Embraer PT-SOG ដឹកអ្នកដំណើរជាភ្ញៀវទេសចរ ១២នាក់ និងក្រុមការងារនៅលើយន្ដហោះចំនួន ២នាក់។

ក៏ប៉ុន្តែ អាជ្ញាធរមិនបានបញ្ជាក់លម្អិតពីសញ្ជាតិរបស់ជនរងគ្រោះនៅលើយន្ដហោះដែលធ្លាក់ទាំង១៤នាក់នោះទេ ហើយក៏មិនទាន់មានការកំណត់ ពីមូលហេតុបណ្ដាលឱ្យយន្ដហោះនេះធ្លាក់នោះដែរ ខណៈមានសេចក្ដីរាយការណ៍ថាយន្ដហោះនេះបានព្យាយាមចុះចតក្នុងខេត្ត បាសេឡូស អំឡុង មានភ្លៀងធ្លាក់ខ្លាំង៕