(អង់ការ៉ា)៖ ប្រធានាធិបតី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយនៅថ្ងៃសៅរ៍នេះថា តួកគីអាច «ចែកផ្លូវ» ជាមួយសហភាពអឺរ៉ុប (EU) ប្រសិនបើចាំបាច់នៅពេលត្រូវបានសាកសួរអំពីខ្លឹមសារនៃរបាយការណ៍របស់សភាអឺរ៉ុបស្តីពីតួកគី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមរបាយការណ៍មួយដែលបានអនុម័តនៅដើមសប្តាហ៍នេះ ដំណើរការចូលជាសមាជិករបស់តួកគីក្នុងប្លុក EU មិនអាចបន្តឡើងវិញនោះទេក្នុងកាលៈទេសៈបច្ចុប្បន្ន ហើយបានស្នើឲ្យ EU ស្វែងរកក្របខ័ណ្ឌស្របគ្នា និងជាក់ស្តែងសម្រាប់ទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងអង់ការ៉ា។

លោក អឺដូហ្កាន់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​មុនពេលធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក យ៉ាងដូច្នេះថា «សហភាព​អឺរ៉ុប​កំពុង​ព្យាយាម​បំបែក​ខ្លួន​ចេញ​ពី​តួកគី។ យើងនឹងធ្វើការវាយតម្លៃឆ្លើយតបចំពោះការវិវត្តន៍បែបនេះ ហើយបើចាំបាច់យើងអាចចែកផ្លូវជាមួយ EU តែម្តង»។

គួរបញ្ជាក់ថា តួកគី បានក្លាយជាបេក្ខភាពផ្លូវការដើម្បីចូលជាសមាជិក EU រយៈពេល ២៤ឆ្នាំ ប៉ុន្តែកិច្ចពិភាក្សាលើដំណើរការត្រូវជាប់គាំងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការព្រួយបារម្ភរបស់ប្លុកអំពីការរំលោភសិទ្ធិមនុស្ស និងការគោរពនីតិរដ្ឋ៕