(កៀវ)៖ រដ្ឋមន្ត្រីមួយរូបរបស់អ៊ុយក្រែនដែលទទួលបន្ទុកកសាងឧស្សាហកម្មយន្តហោះដ្រូន បាននិយាយថា អ៊ុយក្រែននឹងអាចធ្វើការវាយប្រហារបន្ថែមទៀតដោយប្រើដ្រូនលើនាវាចម្បាំងរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

ឆ្លើយតបនឹងតបសំណួរជុំវិញការវាយប្រហារក្បែរតំបន់គ្រីមៀនាពេលថ្មីៗនេះ លោក មីខាយឡូ ហ្វីដូរ៉ូវ (Mykhailo Fedorov) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឌីជីថល បានប្រាប់ Reuters ថា «ប្រាកដណាស់ នឹងមានយន្តហោះដ្រូនសម្រាប់ការវាយប្រហារកាន់តែច្រើន ដែលនឹងធ្វើឲ្យចំនួននាវាចម្បាំងរុស្ស៉ីតិចជាងមុន»។

លោក ហ្វីដូរ៉ូវ ក៏បានឲ្យដឹងផងដែរថា ការផលិតយន្តហោះដ្រូនរបស់អ៊ុយក្រែនបានកើនឡើងដល់តួលេខខ្ទង់ ១០០ សម្រាប់ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ ព្រមជាមួយនឹងការបញ្ជាក់ពីទំនុកចិត្តកាន់តែខ្លាំងឡើង អ៊ុយក្រែនថ្មីៗនេះបានទទួលស្គាល់ការវាយប្រហារលើតំបន់គ្រីមៀ ដោយគ្រាន់តែមិនបញ្ជាក់ថាមានជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះលើគោលដៅយោធានៅទីនោះ។

គួរបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ អ៊ុយក្រែនបានបើកការវាយប្រហារជាច្រើនលើកដោយប្រើយន្តហោះដ្រូន និងមីស៉ីលចេញពីសមុទ្រទៅលើកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៉ី ទាំនៅក្នុង និងជុំវិញតំបន់គ្រីមៀដែលត្រូវបានកាត់បញ្ចូលពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤៕