(មូស្គូ)៖ អវកាសយានិករុស្ស៉ី២រូប និងអវកាសយានិក១រូបមកពីសហរដ្ឋអាមេរិក បានធ្វើដំណើររួមគ្នាឡើងទៅដល់ស្ថានីយអវកាសអន្តរជាតិ (ISS) ក្រោយជិះយានអវកាស ចាកចេញពីមជ្ឈមណ្ឌល Baikonur Cosmodrome នៅប្រទេសកាហ្សាក់ស្ថាន ចំពោះមុខភាពតានតឹងរវាង​ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៉ីនតោន​ ជុំវិញវិបត្តិសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

ទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos បានប្រកាសថា អវកាសយានិករុស្ស៉ី លោក អូឡិច កូណូណេនកូ (Oleg Kononenko) និងលោក នីកូឡៃ ឈូប (Nikolai Chub) ព្រមទាំងអវកាសយានិកអាមេរិក លោកស្រី ឡូរ៉ាល អូហារ៉ា (Loral O'Hara) បានចាកចេញពីផ្ទៃផែនដី កាលពីវេលាយប់ជ្រៅថ្ងៃសុក្រសប្តាហ៍នេះ តាមរយៈយានអវកាស Soyuz MS-24 ហើយរយៈពេលប្រមាណជា៣ម៉ោងក្រោយមក ពួកគេ​ក៏បានទៅដល់ស្ថានីយអវកាសអន្តរជាតិ។

គួរបញ្ជាក់ថា នៅឯស្ថានីយអវកាស ISS អ្នកទាំង៣ នឹងចូលរួមជាមួយអវកាសយានិករុស្ស៉ី៣នាក់ទៀត ព្រមទាំងអវកាសយានិកអាមេរិក​២នាក់និងជប៉ុនម្នាក់ រួមជាមួយអវកាសយានិកម្នាក់ទៀត ដែលជាតំណាងរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប។ ស្ថានីយ ISS នៅបន្តជាកន្លែងដ៏​កម្រមួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងរុស្ស៉ី ដែលបានមើលឃើញទំនាក់ទំនងធ្លាក់ចុះដុនដាបជាខ្លាំង បន្ទាប់ពី​ទីក្រុងមូស្គូ បានចាប់ផ្តើមធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕