(មូស្គូ)៖ នៅថ្ងៃសៅរ៍នេះ ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) នាំទស្សនាមីស៉ីលល្បឿនលឿនជាងសំឡេង គីនហ្សាល់ (Kinzhal) ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់រុស្ស៉ី​។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

លោក គីម ជុងអ៊ុន ដែលកំពុងបន្តបំពេញទស្សនកិច្ច នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ចាប់តាំងតែពីថ្ងៃអង្គារសប្តាហ៍នេះ បានជួបលោក Shoigu នៅទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) ដែលស្ថិតនៅឆ្ងាយប៉ុន្មាន ពីព្រំប្រទល់រវាងរុស្ស៉ីនិងកូរ៉េខាងជើង។ នៅទីនោះ លោក Shoigu បានបង្ហាញមីស៉ីល Kinzhal ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត៣ស៊េរី រួមមាន Tu-160, Tu-95 និង Tu-22M3 ដល់លោក គីម។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោកមេដឹកនាំកូរ៉េខាងជើង បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតយន្តហោះចម្បាំងរុស្ស៉ី ក្នុងទីក្រុង កូមសូម៉ូស កូនអាម៉ួ (Komsomolsk-on-Amur)។ ចំណែកកាលពីថ្ងៃពុធវិញ លោក គីម បានបើកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅមជ្ឈមណ្ឌលបង្ហោះយានអវកាស Vostochny Cosmodrome។

អំលុងជំនួបនោះ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីវិស័យយោធា​ សង្រ្គាមអ៊ុយក្រែន និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំង បានអះអាងថា ពុំមានកិច្ចព្រមព្រៀងណាមួយ ត្រូវបានចុះហត្ថលេខាឬនឹងត្រូវចុះហត្ថលេខា អំលុងទស្សនកិច្ចរបស់លោក គីម ឡើយ មិនថាពាក់ព័ន្ធបញ្ហាយោធា ឬក៏បញ្ហាដទៃទៀត​នោះទេ៕