(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បាននិយាយនៅថ្ងៃសុក្រនេះថា ចិនគាំទ្រប្រទេសសំប៊ីក្នុងការការពារអធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍរបស់ខ្លួន ហើយលើកទឹកចិត្តឲ្យមានការនាំចូលកាន់តែច្រើន ពីប្រទេសតំបន់អាហ្វ្រិកខាងត្បូង មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
លោក ស៉ី បានជួបប្រធានាធិបតីសំប៊ី លោក ហាកនឌី ហ៉ីស៉ីឡេម៉ា (Hakainde Hichilema) នៅក្នុងទីក្រុងប៉េកាំង ដើម្បីលើកកម្ពស់ទំនាក់ទំនងប្រទេសទាំង ២ទៅជា «ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ លោក ស៉ី បានប្តេជ្ញាថានឹងធ្វើការជាមួយសំប៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការរុករករ៉ែ និងថាមពលស្អាត។
ចំណែក លោក ហ៉ីស៉ីឡេម៉ា បានថ្លែងអំណរគុណដល់ចិនសម្រាប់ការគាំទ្រសមាជិកភាពរបស់សំប៊ី នៅក្នុងក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង ២០នៃសហភាពអាហ្រ្វិក និងភាពវិជ្ជមានរបស់ចិនក្នុងការដោះស្រាយ បញ្ហាបំណុលសម្រាប់សំប៊ី។
គួរបញ្ជាក់ថា ចិនមានផលប្រយោជន៍ពាណិជ្ជកម្មយ៉ាងសំខាន់នៅក្នុងប្រទេសសំប៊ី ដោយបានវិនិយោគលើគម្រោងជាង ៣០ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវចន្លោះឆ្នាំ២០១៤ និង២០២៣។ សំប៊ី ក៏កំពុងស្វែងរកការរៀបចំរចនាសម្ព័ន្ធបំណុលបរទេស ជាមួយចិន និងស្វែងរកឱកាសពាណិជ្ជកម្មបន្ថែមទៀត។ ប៉ុន្តែភ្លាមៗនេះ គេមិនទាន់ដឹងថាតើចិន និងសំប៊ីបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងបំណុលណាមួយនៅឡើយនោះទេ៕