(យូអិន)៖ ប្រធានទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា វិបត្តិនៃភាពអត់ឃ្លានជាសកលបានធ្វើឲ្យមនុស្សជាង ៧០០លាននាក់ រស់នៅក្នុងស្ថានភាពមិនប្រាកដថា ពេលណាពួកគេអាចមានអាហារបរិភោគម្តងទៀត ហើយតម្រូវការអាហារកំពុងកើនឡើងឥតឈប់ឈរ ខណៈមូលនិធិមនុស្សធម៌កាន់តែថយចុះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក លោកស្រី ស៉ីនឌី ម៉េកខេន (Cindy McCain) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការខ្វះខាតផ្នែកថវិកាបង្ខំឲ្យទីភ្នាក់ងារនេះ កាត់បន្ថយរបបអាហារសម្រាប់មនុស្សរាប់លាននាក់ ហើយការកាត់បន្ថយធ្វើឡើងកាន់តែច្រើន។ តាមការប៉ាន់ប្រមាណនេះ គឺគ្រាន់តែជាជំហានដំបូងមួយនៃគ្រោះទុរ្ភិក្សសម្រាប់មនុស្សជិត ៤៧លាននាក់នៅក្នុងប្រទេសជាង ៥០ ហើយកុមារអាយុក្រោម ៥ឆ្នាំចំនួន ៤៥លានកំពុងរងទុក្ខពីកង្វះអាហារូបត្ថម្ភដ៏ស្រួចស្រាវ។

គួរបញ្ជាក់ថា កត្តាធ្លាក់ចុះសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ និងសង្រ្គាមនៅអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់វិស័យស្បៀងអាហារ សម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ស្របពេលដែលតម្លៃជីឡើងខ្ពស់ធ្វើឲ្យផលិតកម្មពោត អង្ករ សណ្ដែក និងស្រូវសាលី ធ្លាក់ចុះ៕