(សេអ៊ូល)៖ នៅថ្ងៃសុក្រនេះ មន្រ្តីការទូតជាន់ខ្ពស់ ក៏ដូចជាមន្ត្រីការពារជាតិរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានយល់ស្របដូចគ្នាថា កិច្ចសហប្រតិបត្តិការយោធាកូរ៉េខាងជើង-រុស្ស៉ី គឺរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ហើយពួកគេត្រូវតែតបស្នងនូវតម្លៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចាង ហូជីន (Chang Hojin) បានប្រាប់សន្និសីទសារព័ត៌មានថា «យើងបានយល់ព្រមធ្វើការរួមគ្នា ដើម្បីធានាថានឹងមានការតបស្នងនូវតម្លៃណាមួយ ចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរលើ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ»។ រីឯ អនុរដ្ឋមន្រ្តីការពារជាតិអាមេរិក លោកស្រី សាស្យា បាឃឺ (Sasha Baker) បាននិយាយថា សម្ព័ន្ធមិត្តទាំងអស់នឹងកំណត់អត្តសញ្ញាណ លាតត្រដាង និងប្រឆាំងរាល់ការប៉ុនប៉ងរបស់រុស្ស៉ី ដើម្បីទទួលបានឧបករណ៍យោធាសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន។

លោក ចាង និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី បុននី ជេនឃីន (Bonnie Jenkins) ក៏បានលើកឡើងផងដែរថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយរបស់កូរ៉េខាងជើងលើកូរ៉េខាងត្បូង នឹងទទួលការឆ្លើយតបយ៉ាងរហ័ស និងលើសលប់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបារម្ភថា កូរ៉េខាងជើង មានបំណងអនុញ្ញាតឲ្យរុស្ស៉ីទទួលបានគ្រាប់រំសេវ ដើម្បីបំពេញស្តុកឃ្លាំងរបស់ខ្លួន។ ក្រុមមន្ត្រីដែលកំពុងជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល បានអំពាវនាវឲ្យទីក្រុងមូស្គូបង្ហាញការទទួលខុសត្រូវ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN៕