(ប៉េកាំង)៖ នៅថ្ងៃសុក្រនេះ ទីក្រុងប៉េកាំងបានប្រកាសថា ខ្លួនសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិចំនួន២ របស់សហរដ្ឋអាមេរិកគឺ ឡុកឃីដ ម៉ាទីន (Lockheed Martin) និង ណ័សរ៉ូប ក្រាំមែន (Northrop Grumman) ដោយសារជាប់ពាក់ព័ន្ធក្នុងការផ្គត់ផ្គង់អាវុធ​ឱ្យទៅកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) បានលើកឡើងយ៉ាងដូច្នេះថា «ទោះបីជាចិនបានបង្ហាញការជំទាស់មុខមាត់យ៉ាង​ណាក៏ដោយក្តី​ រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅតែចចេសរឹងរូស ក្នុងការផ្គត់ផ្គង់សព្វាវុធឱ្យទៅកោះតៃវ៉ាន់ ដែលជាទង្វើប៉ះពាល់ជាខ្លាំងចំពោះ​អធិបតេយ្យ និងផលប្រយោជន៍ផ្នែកសន្តិសុខរបស់ប្រទេសចិន ហើយបន្តដើរកាន់តែឆ្ងាយទៅៗ នៅលើគន្លងផ្លូវខុសនិងគ្រោះថ្នាក់មួយនៃ​ការបំពាក់អាវុធ​ឱ្យតៃវ៉ាន់»

លោកស្រីអ្នកនាំពាក្យបានបន្តថា Lockheed Martin គឺជាក្រុមហ៊ុនម៉ៅការចម្បងគេ នៅក្នុងការលក់អាវុធរបស់អាមេរិកឱ្យទៅតៃវ៉ាន់ ដែលធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ហើយក្រុមហ៊ុន Northrop Grumman ក៏បានចូលរួមពាក់ព័ន្ធក្នុងការលក់អាវុធរបស់អាមេរិក ជាច្រើនលើកច្រើនសាផងដែរ។ ដូច្នេះហើយ យោងតាមច្បាប់ប្រឆាំងទណ្ឌកម្មបរទេសរបស់ប្រទេសចិន ទីក្រុងប៉េកាំងបានសម្រេចដាក់​ទណ្ឌកម្មលើ ក្រុមហ៊ុនយោធាទាំង២ របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា អាមេរិកជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ ត្រូវផ្គត់ផ្គង់សព្វាវុធឱ្យទៅកោះតៃវ៉ាន់ សម្រាប់ការការពារខ្លួន។ រដ្ឋាភិបាលអាមេរិកនានា តែងតែបានធ្វើយ៉ាងដូច្នេះ តាមទម្រង់ជាការលក់ ជាជាងការផ្តល់ជំនួយដោយផ្ទាល់ ប៉ុន្តែកាលពីខែសីហាកន្លងទៅនេះ ទីក្រុងវ៉ាស៉ីនតោន​ជាលើកដំបូងបំផុត បានអនុម័តការផ្តល់ជំនួយយោធាដោយផ្ទាល់របស់អាមេរិក ឱ្យទៅតៃវ៉ាន់នៅក្រោមកម្មវិធីដែលមានគោលដៅសម្រាប់​រដ្ឋាភិបាលបរទេស៕