(បាងកក)៖ នៅថ្ងៃសុក្រនេះ លោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ដែលគណបក្ស Move Forward របស់លោក ឈ្នះបានអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកលថៃកាលពីខែឧសភា បានសម្រេចលាលែងពីតំណែងជាប្រធានគណបក្សនេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
លោក Pita Limjaroenrat បានដឹកនាំគណបក្ស Move Forward ទទួលបានជោគជ័យយ៉ាងភ្ញាក់ផ្អើល ប៉ុន្តែលោកត្រូវបានរារាំងមិនឱ្យអាចក្លាយជានាយករដ្ឋមន្រ្តី ក្នុងការបោះឆ្នោតនៅសភា ដ្បិតសមាជិករដ្ឋសភានិងព្រឹទ្ធសភាថៃ ភាគច្រើនប្រកាន់ជំហរប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះគោលនយោបាយកំណែទម្រង់របស់គណបក្សលោក ជាពិសេសពាក់ព័ន្ធការចង់ធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រថៃ ហើយលោកក៏ត្រូវបានព្យួរសមាជិកភាពសភា ផងដែរ។
ក្រោយដឹងខ្លួនថាមិនអាចបង្កើតរដ្ឋាភិបាលបាន គណបក្ស Move Forward បានសម្រេចដើរចេញពីភាពជាដៃគូជាមួយគណបក្ស ភឿថៃ (Pheu Thai) ដែលបានងាកទៅចាប់ដៃជាមួយ ក្រុមគណបក្សគាំទ្រយោធានិងអភិរក្សនិយមវិញ ដើម្បីព្យាយាមបង្កើតរដ្ឋាភិបាល ដ្បិត Pheu Thai ជាបក្សឈ្នះបានអាសនៈច្រើនជាងគេទី២ ក្នុងការបោះឆ្នោតសកលបន្ទាប់ពី Move Forward។ បក្ស Move Forward បាននិយាយថា ខ្លួននឹងទៅធ្វើជាបក្សប្រឆាំង ស្របពេលដែល Pheu Thai បង្កើតរដ្ឋាភិបាលបានជោគជ័យ ក្នុងទម្រង់ជារដ្ឋាភិបាលចម្រុះមាន១១គណបក្ស និងមានបេក្ខជនរបស់ខ្លួនគឺលោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ជានាយករដ្ឋមន្រ្តីថៃថ្មី។
គួរបញ្ជាក់ថា នៅក្រោមច្បាប់បច្ចុប្បន្ន មេដឹកនាំក្រុមប្រឆាំង ចាំបាច់ត្រូវតែជាសមាជិកសភា។ ដូច្នេះហើយ លោក Pita បានប្រកាសនៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា «ខ្ញុំបានលាលែងពីតួនាទីជាមេដឹកនាំនៃគណបក្ស Move Forward ហើយ ដើម្បីបើកផ្លូវឱ្យសមាជិកសភាដែលនៅអាចមានសំឡេងក្នុងសភា ធ្វើជាមេដឹកនាំក្រុមប្រឆាំង។ ដោយសារតែការព្យួរសមាជិកភាពសភារបស់ខ្ញុំ ខ្ញុំមិនអាចធ្វើជាមេដឹកនាំក្រុមប្រឆាំងបាននោះទេ»។ យ៉ាងណាមិញ លោក Pita បានអះអាងថា រូបលោកនឹងនៅតែបន្តចូលរួមជិតស្និទ្ធក្នុងគណបក្ស Move Forward ដដែល៕