(មូស្គូ)៖ នៅថ្ងៃសុក្រនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតយន្តហោះចម្បាំងនៃប្រទេសរុស្ស៉ី ដែលជាផ្នែកនៃដំណើរទស្សនកិច្ចក្រៅប្រទេសដ៏កម្ររបស់លោក ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានស្វាគមន៍លោក គីម ជុងអ៊ុន នៅឯមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Vostochny Cosmodrome នៃតំបន់ចុងបូព៌ាប្រទេសរុស្ស៉ី ដើម្បីបើកកិច្ចប្រជុំកំពូល និងជជែកគ្នាអំពីបញ្ហាផ្សេងៗ​ រួមមានទាំងវិស័យយោធានិងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៉ីជម្រៅ ហើយលោក គីម ក៏បានអញ្ជើញលោក ពូទីន ឱ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងផងដែរ។ លោក គីម បានធ្វើដំណើរតាមរថភ្លើងពាសដែកពិសេស ចូលដល់ប្រទេសរុស្ស៉ីកាលពី​ថ្ងៃអង្គារ។

ចំណែកនៅថ្ងៃសុក្រនេះ លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតយន្តហោះចំនួន២កន្លែង នៅក្នុងទីក្រុង កូមសូម៉ូស កូនអាម៉ួ (Komsomolsk-on-Amur) នៃតំបន់ចុងបូព៌ារបស់រុស្ស៉ី គឺរោងចក្រ យូរី ហ្កាហ្ការីន (Yuri Gagarin) និងរោងចក្រ យ៉ាងកូវឡេវ (Yakovlev)។ រោងចក្រផលិតយន្តហោះទាំង២នេះ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរដ្ឋរុស្ស៉ី United Aircraft Corporation (UAC) ដែលជាប់ទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច ជុំវិញវិបត្តិសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ រោងចក្រ Yuri Gagarin ក៏ត្រូវបានសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មជាពិសេសផងដែរ។

អមដំណើរដោយឧបនាយករដ្ឋមន្រ្តីរុស្ស៉ី លោក ដេនីស ម៉ានទូរ៉ូវ (Denis Manturov) លោក គីម បានពិនិត្យមើលកន្លែងដំឡើង​យន្តហោះនៅរោងចក្រ Gagarin ជាទីដែលយន្តហោះចម្បាំង Su-35 និង Su-57 របស់រុស្ស៉ី ត្រូវបានផលិតឡើង។ ក្រៅពីនេះ លោក គីម បានបន្តពិនិត្យមើលកន្លែងផលិតតួខ្លួននិងស្លាប នៃយន្តហោះដឹកអ្នកដំណើរ Sukhoi Superjet 100 របស់រុស្ស៉ី ហើយទស្សនា​ការហោះហើរនៃយន្តហោះចម្បាំង Su-35។

គួរបញ្ជាក់ថា វត្តមានរបស់លោក គីម នៅប្រទេសរុស្ស៉ី គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ក្នុងរយៈពេលជាង៤ឆ្នាំ។ លើកចុងក្រោយដែលលោក បានចេញទៅបំពេញទស្សនកិច្ចក្រៅប្រទេស គឺក៏ត្រូវបានធ្វើនៅប្រទេសរុស្ស៉ីផងដែរកាលពីឆ្នាំ២០១៩ ដោយ​ពេលនោះ លោក គីម បានជួបលោក ពូទីន ជាលើកដំបូង នៅទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok)។ សម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត​លោកខាងលិច ការរីកលូតលាស់ទៅមុខនៃចំណងមិត្តភាព រវាងលោក គីម និងលោក ពូទីន គឺជាក្តីកង្វល់ធំមួយ ដោយពួកគេបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងទទួលបានបច្ចេកវិទ្យាសំខាន់ៗ សម្រាប់កម្មវិធីមីស៉ីល-នុយក្លេអ៊ែររបស់ខ្លួន ហើយទីក្រុងមូស្គូវិញអាចទទួលបាន​សព្វាវុធបន្ថែម ដើម្បីយកទៅប្រើក្នុងសង្រ្គាមអូសបន្លាយ នៅអ៊ុយក្រែន៕