(តូក្យូ)៖ មន្រ្តីជាន់ខ្ពស់ជប៉ុនបានឱ្យដឹងនៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) មានឆន្ទៈជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយមិនមានការកំណត់លក្ខខណ្ឌជាមុនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
លោក ហ៉ីរ៉ូកាហ៊្សុ ម៉ាតស៊ូណូ (Hirokazu Matsuno) បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «យើងចង់រៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់ ដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់លោកនាយករដ្ឋមន្រ្តីជប៉ុន ដើម្បីសម្រេចបានកិច្ចប្រជុំកំពូលមួយឱ្យបានឆាប់រហ័ស តាមតែអាចធ្វើទៅបាន»។ លោក Matsuno បានបន្តថា លោក Kishida បានបន្តបង្ហាញពីឆន្ទៈរបស់លោក ក្នុងការជួបមុខគ្នាផ្ទាល់មួយលោក គីម ទោះនៅពេលណាក៏បាន និងដោយមិនមានបុរេលក្ខខណ្ឌអ្វីទាំងអស់។
គួរបញ្ជាក់ថា កន្លងមកលោកនាយករដ្ឋមន្រ្តីជប៉ុន ក៏ធ្លាប់និយាយដែរថា រូបលោកត្រៀមខ្លួនជានិច្ច ដើម្បីបើកកិច្ចពិភាក្សាជាមួយលោក គីម ជុងអ៊ុន ប៉ុន្តែការលើកឡើងជាថ្មីនាពេលនេះ គឺកើតមានចំពេលដែល មេដឹកនាំកំពូលកូរ៉េខាងជើងបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ក្នុងសប្តាហ៍នេះ ដើម្បីជួបប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសជប៉ុនថ្មី លោកស្រី យ៉ូកុ កាមីកាវ៉ា (Yoko Kamikawa) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីក្រុងតូក្យូកំពុងតាមដានកិច្ចពិភាក្សារវាងរុស្ស៉ីនិងកូរ៉េខាងជើង ជាមួយក្តីបារម្ភ ដែលក្នុងនោះរួមមានទាំងអំពីលទ្ធភាព វាអាចនាំទៅរកការបំពានបម្រាមរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ស្តីពីការទិញ-លក់សព្វាវុធគ្រប់ប្រភេទជាមួយទីក្រុងព្យុងយ៉ាង៕