(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសពីការបណ្ដេញអ្នកការទូតអាមេរិក ២រូប ដោយចោទប្រកាន់ថាបានធ្វើការជាមួយជនជាតិរុស្ស៉ីម្នាក់ ដែលកំពុងស្ថិតក្រោមការចោទប្រកាន់លួចសហការខុសច្បាប់ជាមួយបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersនៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៉ី បានជូនដំណឹងទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូ លោកស្រី លីន ត្រេស៉ី (Lynne Tracy) អំពីការស្នើឲ្យលេខាទូតទី១ លោក ជេហ្វហ្វ្រេ ស៉ីលលីន (Jeffrey Sillin) និងលេខាទូតទី២ លោក ដេវីដ បឺនស្តែន (David Bernstein) ចាកចេញពី ប្រទេសរុស្ស៉ីក្នុងរយៈពេល៧ថ្ងៃ។ សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា «អ្នកទាំង ២បានធ្វើសកម្មភាពខុសច្បាប់ដោយរក្សាទំនាក់ទំនងជាមួយ ពលរដ្ឋរុស្ស៉ី ឈ្មោះ រ៉ូបឺត សូណូវ (Robert Shonov) ដែលត្រូវបានចោទប្រកាន់ពីបទធ្វើការសម្ងាត់ជាមួយរដ្ឋបរទេស»។
គួរបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកចាត់ទុកថា ការបណ្តេញអ្នកការទូតទាំងពីរ គឺមិនសមហេតុផល ហើយព្រមានថា ទីក្រុងវ៉ាស៊ីនតោន នឹងឆ្លើយតបដោយសមរម្យ៕