(កៀវ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ៊ុយក្រែន បានអះអាងពីការវាយប្រហារលើនាវាល្បាត ២គ្រឿងរបស់រុស្ស៉ីដែលធ្វើប្រតិបត្តិការក្នុងតំបន់សមុទ្រខ្មៅ និងបំផ្លាញប្រព័ន្ធការពារដែនអាកាសដ៏ទំនើប S-400 មួយគ្រឿងនៅឯភាគខាងលិចតំបន់គ្រីមៀ ដែលជាផ្នែកមួយនៃការបង្កើនការវាយប្រហាររបស់ខ្លួនលើ ទីតាំងគ្រប់គ្រងដោយរុស្ស៉ីនៅតំបន់សមុទ្រខ្មៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

យោធាអ៊ុយក្រែន បានឲ្យដឹងតាមបណ្តេញ Telegram ថា ខ្លួនបានបុកនាវាល្បាតរុស្ស៉ីពីរគ្រឿងនៅភាគនិរតីនៃសមុទ្រខ្មៅ ដែលបណ្តាលឲ្យខូចខាត មួយចំនួននៅក្នុងការវាយប្រហារមួយនៅពេលព្រឹក។ មន្ត្រីចារកម្មយោធាលោក អាន់ឌ្រី យូសូវ (Andriy Yusov) បាន Reuters ថា «នាវា Kotov បានរងការវាយប្រហារ»។ ជាមួយគ្នានេះបើតាមវីដេអូឃ្លីបមួយ ផ្សព្វផ្សាយតាមអ៊ីនធឺណិតដោយមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ហាក់បង្ហាញឲ្យឃើញនូវ យន្តហោះដ្រូនវាយប្រហារលើនាវានៅសមុទ្រ។

ក្រសួងការពារជាតិរុស្ស៉ី ក៏បានទទួលស្គាល់ថាមានការវាយប្រហារលើនាវា Kotov នោះមែន ប៉ុន្តែនិយាយថា ការវាយប្រហារដែលពាក់ព័ន្ធនឹងដ្រូនសមុទ្រ ចំនួន ៥គ្រឿង ត្រូវបានទប់ស្កាត់ តែមិនបានលើកឡើងអំពីការខូចខាតនោះទេ។

គួរបញ្ជាក់ថា Reuters មិនអាចបញ្ជាក់ដោយឯករាជ្យនូវរបាយការណ៍ ឬវីដេអូនេះទេ។ សេចក្តីរាយការណ៍នេះកើតមានឡើង មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន និយាយថា មានការខូចខាតយ៉ាងធ្ងន់ធ្ងរលើនាវាមុជទឹក និងចំណតសាងសង់នាវាក្នុងទីក្រុងកំពង់ផែសេវ៉ាស្តូប៉ូល (Sevastopol) នៃតំបន់គ្រីមៀ របស់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៉ី៕