(យ៉ាងហ្គន)៖ ប្រមុខកងទ័ពអាកាសមកពីប្រទេសជាសមាជិកអាស៊ានជាច្រើន មិនទៅចូលរួមសន្និសីទមួយដែលត្រូវរៀបចំឡើងក្នុងប្រទេសមីយ៉ាន់ម៉ា នៅក្នុងសប្ដាហ៍នេះនោះទេ បន្ទាប់ពីអាស៊ានចោទរបបសឹកមីយ៉ាន់ម៉ាថាមានគោលដៅវាយប្រហារលើជនស៊ីវិល នៅក្នុងការបង្ក្រាបក្រុមអ្នកប្រឆាំងនឹង ការធ្វើរដ្ឋប្រហារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រមុខកងទ័ពអាកាសនៃប្រទេសជាសមាជិកអាស៊ានទាំង១០ ត្រូវជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិ ប្រយុទ្ធប្រឆាំងអំពើជ្រុលនិយម និងផ្ដល់ជំនួយពាក់ព័ន្ធនឹងគ្រោះមហន្តរាយនានា។ ក្នុងឆ្នាំ២០២៣នេះ មីយ៉ាន់ម៉ាគឺជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដែលបាន ចាប់ផ្ដើមកាលពីថ្ងៃពុធ ហើយគ្រោងបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ក៏ប៉ុន្តែ ប្រមុខកងទ័ពអាកាសមកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី មិនបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនេះនោះទេ ខណៈប្រមុខកងទ័ពអាកាសមកពីព្រុយណេ កម្ពុជា ឡាវ ថៃ និងវៀតណាម បានធ្វើដំណើរ ទៅដល់រដ្ឋធានណៃពិដោរ កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ។

គួរបញ្ជាក់ថា អាស៊ាន កាលពីសប្ដាហ៍មុន បានចោទប្រកាន់ថារបបសឹកមីយ៉ាន់ម៉ា មិនបានអើពើចំពោះផែនការសន្តិភាពដែលត្រូវបានព្រមព្រៀងគ្នា ជាមួយអាស៊ាន ដើម្បីបិទបញ្ចប់អំពើហិង្សាដែលបានផ្ទុះឡើងដោយសារតែការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី ពីអំណាចកាលពីឆ្នាំ២០២១មក។ មីយ៉ាន់ម៉ានៅតែជាសមាជិកអាស៊ាន ប៉ុន្តែមេដឹកនាំរបបសឹកមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឡើយ ចាប់តាំងពីឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារ៕