(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ជឿជាក់ថារដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតមួយ និងក៏ប្រហែលជាត្រូវបានដកតំណែងហើយដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន​ AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការចេញផ្សាយដោយសារព័ត៌មាន Financial Times នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយសំអាងលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក។ ការចេញផ្សាយរបស់ Financial Times ទៀតសោត កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emmanuel បាននិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គមថាលោក លី សាងហ្វូ បានបាត់មុខ ជាសាធារណៈ និងគ្មានដំណឹងសូន្យឈឹងជាង៣សប្ដាហ៍មកនេះ ហើយក៏ប្រហែលជាត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ។

Financial Times ដោយផ្អែកលើក្រុមមន្ត្រីអាមេរិក ក៏បានឱ្យដឹងដែរថាសហរដ្ឋអាមេរិកបានសន្មត់ថាលោក លី ត្រូវបានដកតំណែងជារដ្ឋមន្ត្រីការពារជាតិចិន ទៅហើយ។ ប៉ុន្តែ គេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើមានហេតុផលអ្វីដែលធ្វើឱ្យរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ធ្វើការសន្មត់បែបនេះ ខណៈចិន មិនបាននិយាយអ្វីឡើយ រីឯសេតវិមានក៏មិនដែលធ្វើអត្ថាធិប្បាយពីបញ្ហាបែបនេះជាសាធារណៈនោះដែរ។

គួរបញ្ជាក់ថា លោក លី សាងហ្វូ បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី កាលពីខែសីហាកន្លងទៅ ដើម្បីចូលរួមសន្និសីទសន្តិសុខមួយក្បែរទីក្រុងមូស្គូ កាលពី ថ្ងៃទី១៥ ខែសីហា ហើយ ២ថ្ងៃក្រោយមក រដ្ឋាភិបាលនៃប្រទេសបេឡារុស បានចេញផ្សាយរូបថតនៃជំនួបរវាងលោក លី និងប្រធានាធិបតីបេឡារុស លោក លូកាសិនកូ ក្នុងទីក្រុងមីនស្កិ៍។

កាលពីខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang) ត្រូវបានដកតំណែង ក្រោយបាត់មុខអស់ជាច្រើនសប្ដាហ៍ ហើយក្នុងខែកក្កដា នោះដែរ ចិនក៏បានតែងតាំងមេបញ្ជាការថ្មីនៃកងកម្លាំងរ៉ុក្កែតរបស់ខ្លួនផងដែរ ក្រោយអតីតមេបញ្ជាការកងកម្លាំងនេះ គឺលោក លី យូចាវ (Li Yuchao) បាត់មុខ ជាសាធារណៈជាច្រើនសប្ដាហ៍។ ទីក្រុងប៉េកាំងមិនបានបញ្ជាក់នោះទេពីហេតុផលនៃការដកតំណែងមន្ត្រីជាន់ខ្ពស់ទាំងនេះ៕