(មូស្គូ)៖ វិមានក្រឹមឡាំង បានឱ្យដឹងថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ដល់អំណោយកាំភ្លើងវែង ឱ្យគ្នាទៅវិញទៅមក នៅពេលដែលមេដឹកនាំទាំង២ បានជួបគ្នានៅឯតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ីកាលពីប៉ុន្មានថ្ងៃមុននេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក ពូទីន ដែលកំពុងស្វះស្វែងពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃ ជាពិសេសគឺប្រទេសមិនត្រូវគ្នាជាមួយលោកខាងលិចដូចជាកូរ៉េខាងជើង បានជួប លោក គីម ជុងអ៊ុន កាលពីថ្ងៃពុធកន្លងទៅនេះ នៅចំពោះមុខការសង្ស័យថាមេដឹកនាំទាំង២ អាចចុះកិច្ចព្រមព្រៀងស្ដីពីការផ្គត់ផ្គង់អាវុធ។ រុស្ស៉ីកំពុងស្វែងរក ការផ្គត់ផ្គង់អាវុធដើម្បីបន្តធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែន រីឯកូរ៉េខាងជើងកំពុងស្វែងរកជំនួយពីទីក្រុងមូស្គូ ដើម្បីអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ខ្លួន។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានបញ្ជាក់ថា «លោក ពូទីន បានផ្ដល់អំណោយ ជាកាំភ្លើងវែងមួយដើមដែលជាផលិតផលមានគុណភាពរបស់យើង ហើយលោក (ពូទីន) ទទួលបានអំណោយជាកាំភ្លើងវែងមួយដើមផលិតដោយ កូរ៉េខាងជើង»។ បន្ថែមពីលើនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះក៏បានទទួលស្គាល់ដែរថាលោក ពូទីនបានទទួលយកការអញ្ជើញពីលោក គីម ដើម្បីបំពេញទស្សនកិច្ចទៅកាន់ កូរ៉េខាងជើង។

គួរបញ្ជាក់ថា វិមានក្រឹមឡាំងមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោក ពូទីននោះទេ ប៉ុន្តែនិយាយថាទីក្រុងម៉ូស្គូ នឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរុស្ស៉ី​ លោក សឺហ្គៃ ឡាវរ៉ូវ ទៅកាន់ទីក្រុងព្យុងយ៉ាង ដែលរំពឹងថាអាចនឹងធ្វើឡើងនៅខែតុលាខាងមុខ មុននឹងដំណើរទស្សនកិច្ចរបស់លោក ពូទីន ត្រូវធ្វើឡើង៕