(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ឡូឌីមៀ ហ្សេលេនស្គី មានគម្រោងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយ ខណៈសភាទាំង ២របស់សហរដ្ឋអាមេរិកកំពុងជជែកដេញដោលពីការផ្ដល់ជំនួយយោធា និងមនុស្សបន្ថែមសម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

ព័ត៌មានពីគម្រោងនៃដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ទៅកាន់សេតវិមាន និងវិមាន Capitol ត្រូវបានចុះផ្សាយដោយបណ្ដាប្រព័ន្ធផ្សព្វផ្សាយ អាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ។ លោក ហ្សេលេនសី្គត្រូវបានរំពឹងថានឹងជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន នៅឯសេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ ចំណែកដំណើរទស្សនកិច្ចទៅកាន់វិមាន Capitol ត្រូវបានទទួលស្គាល់ដោយក្រុមមន្ត្រីអាមេរិក ២រូប ដែលបានដឹងពីគម្រោងទស្សនកិច្ចនេះ។

វត្តមានរបស់លោក ហ្សេលេនស្គី នៅសហរដ្ឋអាមេរិក នឹងកើតមានឡើងចំពេលសម័យប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិ និងខណៈសភា ទាំង២របស់សហរដ្ឋអាមេរិក កំពុងជជែកដេញដោលពីការផ្ដល់ជំនួយយោធា និងមនុស្សបន្ថែមសម្រាប់អ៊ុយក្រែន។ លោក បៃដិនបានស្នើសុំឱ្យសភាទម្លាក់ កញ្ចប់ថវិកាសរុប ២៤ពាន់លានដុល្លារសម្រាប់គាំទ្រអ៊ុយក្រែន ក្នុងនោះរួមមានទាំង១៣.១ពាន់លានដុល្លារជាជំនួយយោធា និង៨.៥ពាន់លានដុល្លារ ជាជំនួយ មនុស្សធម៌។

ប៉ុន្តែ អ្នកតំណាងរាស្ត្រអាមេរិកនៅសល់ពេលមិនច្រើនទៀតទេ ដើម្បីអនុម័តកញ្ចប់ថវិកាមួយឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញានេះ ក្នុងបរិបទដែលតំណាងរាស្ត្រ អាមេរិកមកពីគណបក្សសាធារណរដ្ឋមួយចំនួន បង្ហាញការការជំទាស់នឹងការផ្ដល់ជំនួយយោធាបន្ថែមទៅឱ្យអ៊ុយក្រែន។ លោក ហ្សេលេនស្គីក៏ធ្លាប់បានធ្វើ ទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក កាលពីខែធ្នូ ឆ្នាំ២០២២៕