(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៤ ខែកញ្ញា) នេះថា ពាណិជ្ជកររុស្ស៊ីដែលបង្ហាញទស្សនៈប្រឆាំងរុស្ស៊ី ក្នុងគោលបំណងចង់ឱ្យលោកខាងលិចដកទណ្ឌកម្មផ្ទាល់ខ្លួនប្រឆាំងនឹងពួកគេ គឺជាជនក្បត់ជាតិ ដែលត្រៀមខ្លួនលក់ប្រទេសរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

សារព័ត៌មានផ្លូវការរបស់សហភាពអឺរ៉ុប បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុបទើបតែបានដកចេញពាណិជ្ជកររុស្ស៊ីកំពូលបីរូប ចេញពីបញ្ជីទណ្ឌកម្មរបស់ខ្លួន ដែលខ្លួនបានណែនាំដើម្បីដាក់ទណ្ឌកម្មទីក្រុងមូស្គូ ចំពោះការឈ្លានពានប្រទេសអ៊ុយក្រែន។

នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើការអភិវឌ្ឍន៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «អឺរ៉ុបខ្លួនឯងទំនងជាមិនអាចពន្យល់ពីមូលហេតុ នៃដំណើរការធ្វើការសម្រេចចិត្តនៅពីក្រោយការដាក់ទណ្ឌកម្មនោះទេ»។

ទោះជាយ៉ាងណា លោកបាននិយាយទៀតថា ពាណិជ្ជកររុស្ស៊ីផ្សេងគ្នាបានប្រើវិធីសាស្រ្តផ្សេងគ្នា ក្នុងការព្យាយាមដកខ្លួនចេញពីបញ្ជីទណ្ឌកម្ម។

លោក Peskov បាននិយាយដូច្នេះថា «មានពាណិជ្ជករដែលប្រែមកប្រឆាំងនឹងរុស្ស៉ី ដើម្បីទទួលបានការលើកលែងទណ្ឌកម្មពីលោកខាងលិច ហើយពួកគេជាជនក្បត់។ ដោយឡែកពាណិជ្ជករដែលការពារផលប្រយោជន៍របស់ពួកគេជាប្រព័ន្ធ និងតាមវិធីក្នុងតុលាការគឺជាសិទ្ធិរបស់ពួកគេ ហើយយើងសូមផ្តល់ការគោរព»៕