(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេសបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៤ ខែកញ្ញា) នេះថា ចារកម្មចិនកំពុងកំណត់គោលដៅមន្ត្រីអង់គ្លេសនៅក្នុងមុខតំណែងដ៏រសើបៗ ដែលជាផ្នែកមួយនៃប្រតិបត្តិការចារកម្មកាន់តែទំនើប ដើម្បីទទួលបានព័ត៌មានសម្ងាត់ និងជំនាញពិសេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
រដ្ឋាភិបាលបាននិយាយដូច្នេះថា «រដ្ឋាភិបាលដឹងថា គម្រោងជ្រើសរើសបុគ្គលិករបស់ចិនបានប៉ុនប៉ងប្រមាញ់យកជនជាតិអង់គ្លេស និងសម្ព័ន្ធមិត្តទៅក្នុងមុខតំណែងសំខាន់ៗជាមួយនឹងចំណេះដឹង និងបទពិសោធន៍ដ៏រស៊ើប»។
គួរបញ្ជាក់ថា ការព្រួយបារម្ភអំពីសកម្មភាពរបស់ជនជាតិចិនក្នុងប្រទេសអង់គ្លេសកាន់តែកើនឡើង ហើយកាន់តែអាក្រក់ទៅៗចាប់តាំងពីការលាតត្រដាងកាលពីចុងសប្តាហ៍ ដែលអ្នកស្រាវជ្រាវសភាម្នាក់ត្រូវបានចាប់ខ្លួនកាលពីខែមីនា ពីបទសង្ស័យថាបានធ្វើចារកម្មឱ្យប្រទេសចិន។
ការចាប់ខ្លួនអ្នកស្រាវជ្រាវវ័យក្មេងនេះ បាននាំឱ្យមានការអំពាវនាវពីសមាជិកសភាអង់គ្លេស ឱ្យប្រកាន់ជំហរដ៏តឹងរ៉ឹងចំពោះប្រទេសចិនបន្ថែមទៀត។ ក្រសួងការបរទេសចិនបានពណ៌នាការចោទប្រកាន់នេះគឺ «គ្មានមូលដ្ឋានទាល់តែសោះ»។
លោក Sunak នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានរងសម្ពាធពីសមាជិកសភាមួយចំនួន នៅក្នុងគណបក្សអភិរក្សរបស់លោក ដើម្បីប្រកាន់ជំហរតឹងរ៉ឹងលើប្រទេសចិន ប៉ុន្តែលោក ចង់ពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ជាមួយនឹងការរឹតបន្តឹងផ្នែកសន្តិសុខជាតិ។
នៅក្នុងរបាយការណ៍របស់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ និងសន្តិសុខនៃសភាអង់គ្លេសបាននិយាយថា ទីក្រុងប៉េកាំងបានជ្រៀតចូលគ្រប់វិស័យនៃសេដ្ឋកិច្ចអង់គ្លេសដោយជោគជ័យ ហើយរដ្ឋមន្ត្រីមានការយឺតយ៉ាវក្នុងការដោះស្រាយការគំរាមកំហែងនេះ៕