(ប៉េកាំង)៖ ព្រឹត្តិការណ៍កីឡាអាស៊ីជិតនឹងបើកធ្វើនៅទីក្រុង Hangzhou ប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ។យើងទន្ទឹងរង់ចាំព្រឹត្តិការណ៍នេះយ៉ាងខ្លាំង។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ភូមិកីឡាអាស៊ី Hangzhou បានរៀបចំសកម្មភាព "បើកទូលាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ"។ នេះគឺជាថ្ងៃបើកទូលាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយចុងក្រោយមុនពេលបើកភូមិកីឡាអាស៊ី Hangzhou ។ សកម្មភាព "បើកទូលាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ"មានប្រធានបទធំៗចំនួនបីគឺ "បៃតង ភាពវៃឆ្លាត និងវប្បធម៌" ដែលគ្របដណ្តប់លើកន្លែងរស់នៅគ្មានកាកសំណល់នៅក្នុងភូមិអត្តពលិក ផ្ទះវប្បធម៌នៅក្នុងភូមិមន្ត្រីបច្ចេកទេស និងសាលដកបទពិសោធជីវភាពឆ្លាតវៃក្នុងភូមិប្រព័ន្ធផ្សព្វផ្សាយជាដើម។

អ្នកសារព័ត៌មានចំនួន ១៥០ នាក់ដែលមកពីប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗថ្នាក់ជាតិនិងខេត្ត ក្រុងបានចូលទៅក្នុង "ភូមិកីឡាអាស៊ី" ដើម្បីស្វែងយល់ពីជីវភាពប្លែកៗនៅក្នុងភូមិកីឡាអាស៊ីជាមុន។ មនុស្សយន្តនៅក្នុងមជ្ឈមណ្ឌលដកបទពិសោធជីវភាពឆ្លាតវៃ នៃភូមិអត្តពលិកអាចលេងព្យាណូបាន ហើយរថយន្ត AR minibus ដ៏ឆ្លាតវៃធ្វើដំណើរដោយស្វ័យប្រវត្តិនៅក្នុងភូមិកីឡាអាស៊ី ដើម្បីទទួលនិងដឹកជញ្ជូនអ្នកដំណើរ។ ក្នុងមជ្ឈមណ្ឌលដកបទពិសោធជីវភាពឆ្លាតវៃ ក៏អាចវាយប៉ីងប៉ុងលើតុជាមួយមនុស្សយន្តបានដែរ។ រថយន្តដែលគ្មានមនុស្សបើកត្រូវបានគេរកឃើញជាញឹកញាប់នៅក្នុងភូមិកីឡាអាស៊ី ហើយមនុស្សអាចហៅវាឱ្យឈប់ ដើម្បីទិញការ៉េម និងផលិតផលផ្សេងទៀត។

ភូមិកីឡាអាស៊ី Hangzhou គ្របដណ្តប់លើផ្ទៃដីសរុប ១,១៣លានម៉ែត្រការ៉េ ហើយមានភូមិអត្តពលិក ភូមិមន្ត្រីបច្ចេកទេស និងភូមិប្រព័ន្ធផ្សព្វផ្សាយ ដែលជាកន្លែងមិនមែនកីឡដ្ឋានដ៏ធំបំផុតដើម្បីផ្តល់សេវាដល់អ្នកចូលរួមព្រឹត្តិការណ៍កីឡាច្រើនបំផុត ដែលប្រតិបត្តិការជាបន្តបន្ទាប់និងមានរយៈពេលយូរបំផុត។

តាមផែនការ ពិធីបើកភូមិកីឡាអាស៊ីHangzhou នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែកញ្ញាខាងមុខ។ ដល់ពេលនោះ សមាជិកប្រតិភូកីឡាមកពីប្រទេសនានាអាចទទួលយកបទពិសោធនៅក្រុងHangzhou អំពី ប្រទេសចិនបៃតង ការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ដ៏ឆ្លាតវៃរបស់ប្រទេសចិន និងវប្បធម៌ចិនដ៏ត្រចះត្រចង់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន