(គែរ)៖ សមាជិកព្រឹទ្ធសភាអាមេរិកមួយរូប បាននិយាយថា សហរដ្ឋអាមេរិកគ្រោងនឹងដកទុកជំនួយផ្នែកយោធាចំនួន ៨៥លានដុល្លារ ដែលត្រូវផ្តល់ឱ្យអេហ្ស៉ីប ដោយសារតែទីក្រុងគែរ មិនអាចបំពេញតាមលក្ខខណ្ឌរបស់អាមេរិក លើការដោះលែងអ្នកទោសនយោបាយ និងបញ្ហាសិទ្ធិមនុស្សផ្សេងទៀត។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងលិខិតមួយរបស់ក្រសួងការបរទេសអាមេរិក ផ្ញើរទៅកាន់គណៈកម្មការព្រឹទ្ធសភាទទួលបន្ទុកហិរញ្ញប្បទានយោធាបរទេស បានឲ្យដឹងថា សម្រាប់ទឹកប្រាក់ ៨៥លានដុល្លារដែលកាត់យកពីអេហ្ស៉ីបនោះ ៥៥លានដុល្លារនឹងត្រូវបញ្ជូនបន្តទៅឲ្យតៃវ៉ាន់ ហើយ៣០លានដុល្លារទៀតឲ្យទៅប្រទេសលីបង់។ ចំណែក ស្ថានទូតអេហ្ស៉ីបប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

លោក គ្រីស មឺហ្វី (Chris Murphy) ដែលជាសមាជិកព្រឹទ្ធសភាពមកពីគណបក្សប្រជាធិបតេយ្យ ក៏បានជំរុញដល់រដ្ឋបាលរបស់លោក បៃដិន ដកជំនួយផ្នែកយោធាចំនួន ២៣៥លានដុល្លារបន្ថែមទៀត ដោយលើកឡើងអំពីកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់របស់អេហ្ស៉ីប ហើយការសម្រេចយ៉ាងណានឹងត្រូវធ្វើឡើងក្នុងពេលឆាប់ខាងមុខ។

គួរបញ្ជាក់ថា ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់អេហ្ស៉ីបជាយូរមកហើយអំពីការរំលោភសិទ្ធិមនុស្ស នៅក្រោមរដ្ឋាភិបាលរបស់ លោកប្រធានាធិបតី អាប់ដែល ហ្វាតតា អាល់ស៉ីស៉ី (Abdel Fattah el-Sisi) ដែលរួមមានការធ្វើទារុណកម្ម និងការបាត់ខ្លួនដោយបង្ខំ។ ប៉ុន្តែអាជ្ញាធរអេហ្ស៉ីប និយាយពួកគេដោះស្រាយបញ្ហាសិទ្ធិមនុស្ស ដោយប្រើប្រាស់យុទ្ធសាស្រ្តបញ្ចប់ ភាពអាសន្នក្នុងប្រទេស៕