(ខាទុំ)៖ គ្រូពេទ្យបាននិយាយថា ការវាយឆ្មក់តាមអាកាសទៅលើតំបន់ដាហ្វួរ (Darfur) ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម បានសម្លាប់ជនស៉ីវិល ៤០នាក់ទៀតនៅថ្ងៃពុធសប្តាហ៍នេះ ខណៈប្រធានបេសកកម្មអង្គការសហប្រជាជាតិ (UN) ប្រចាំស៊ូដង់ លោក វ៉ុលឃឺ ភឺតស៍ (Volker Perthes) បានសុំលាលែងពីតំណែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទិ១៤ ខែកញ្ញា ឆ្នាំ២០២៣។

គ្រូពេទ្យនៃមន្ទីរព្យាបាលក្នុងទីក្រុងនីយ៉ាឡា (Nyala) តំបន់ Darfur ភាគខាងលិច បានប្រាប់ AFP ដោយសុំមិនបញ្ចេញឈ្មោះ យ៉ាងដូច្នេះថា «ជនស៊ីវិល ៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសលើផ្សារចំនួនពីរ និងសង្កាត់មួយចំនួននៃទីក្រុង»

ចាប់តាំងពីខែមិថុនាមក លោក ភឺតស៍ ដែលត្រូវអាជ្ញាធរស៊ូដង់ប្រកាសចាត់ទុកជា បុគ្គលលែងត្រូវបានស្វាគមន៍ បានជូនដំណឹងដល់ ក្រុមប្រឹក្សាសន្តិសុខ UN ជាថ្មីម្តងទៀត មុនពេលចាកចេញពីមុខតំណែងថា «សង្រ្គាមស៊ូដង់មានហានិភ័យកាន់តែអាក្រក់ទៅៗ»

គួរបញ្ជាក់ថា ចាប់តាំងពីមានជម្លោះដណ្តើមអំណាចកាលពីថ្ងៃទី១៥ ខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) មនុស្សជិត ៧,៥០០នាក់ត្រូវបានសម្លាប់។ UN បានឲ្យដឹងថា មនុស្សច្រើនជាង ៥លាននាក់បានផ្លាស់ទីលំនៅក្នុងនោះ ១លាននាក់រត់ភៀសខ្លួនឆ្លងព្រំដែន៕