(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៉ីបាននិយាយថា សហរដ្ឋអាមេរិកហាក់មានពុតត្បុតខ្លាំងណាស់ ក្នុងការរិះគន់ចំពោះកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដ្បិតថា ទីក្រុងវ៉ាស៉ីនតោនបានសាបព្រោះភាពវឹកវរ និងបញ្ជូនសព្វាវុធឱ្យទៅសម្ព័ន្ធមិត្តរបស់ខ្លួន នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) បានលើកឡើងដូច្នេះថា «សហរដ្ឋអាមេរិកមិនមានសិទ្ធិអ្វី មកប្រៀនប្រដៅយើងអំពីរបៀបរស់នៅឡើយ»។ លោកអគ្គរដ្ឋទូតរុស្ស៉ីបានបន្តថា សហរដ្ឋអាមេរិកបានកសាងសម្ព័ន្ធភាពនៅតំបន់អាស៉ី ពង្រីកការធ្វើសមយុទ្ធយោធានៅក្បែរឧបទ្វីបកូរ៉េ និងបញ្ជូនអាវុធគិតជាប្រាក់រាប់ពាន់លានដុល្លារឱ្យអ៊ុយក្រែន។ លោក Antonov បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «វាដល់ពេលហើយដែលទីក្រុងវ៉ាស៉ីនតោន យកទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅបោះចោលក្នុងធុងសំរាម។ ការរក្សាអំណាចឥទ្ធិពលប៉ូលតែមួយ ដែលក្រុមមន្រ្តីអាមេរិកតែងតែស្រឡាញ់ពេញចិត្តជាខ្លាំងនោះ គឺលែងអាចទៅរួចទៀតហើយ»។
គួរបញ្ជាក់ថា សម្រាប់សហរដ្ឋអាមេរិកក៏ដូចជាសម្ព័ន្ធមិត្ត ចំណងមិត្តភាពដែលហាក់កំពុងតែរីកលូតលាស់ទៅមុខរវាងលោក ពូទីន និងលោក គីម គឺជាក្តីកង្វល់ធំមួយ ដោយទីក្រុងវ៉ាស៉ីនតោនបានចោទកូរ៉េខាងជើង អំពីការផ្តល់អាវុធដល់រុស្ស៉ី ប៉ុន្តែមិនច្បាស់ថា មាអាវុធណាមួយបានទៅដល់ដៃរុស្ស៉ីដែរឬអត់នោះទេ។ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ពូទីន ទើបតែបានបើកិច្ចប្រជុំកំពូលជាមួយ លោក គីម នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី៕