(សេអ៊ូល)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានអនុម័តការលក់យន្តហោះចម្បាំងទំនើបបំផុតរបស់ខ្លួន ដែលបំពាក់បច្ចេកវិទ្យាបំបាំងកាយពីប្រព័ន្ធរ៉ាដា គឺ F-35 ឱ្យទៅប្រទេសកូរ៉េខាងត្បូង ក្នុងតម្លៃ៥ពាន់លានដុល្លារ ចំពោះមុខការបន្តកើនឡើងភាពតានតឹងជាមួយប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងការបរទេសអាមេរិកបានជូនដំណឹងទៅកាន់សភាអាមេរិកថា ខ្លួនបានសម្រេចផ្តល់ភ្លើងបៃតងចំពោះគម្រោងលក់យន្តហោះចម្បាំង F-35 ចំនួន២៥គ្រឿង ដែលជាផលិតផលរបស់ក្រុមហ៊ុន Lockheed Martin រួមជាមួយម៉ាស៉ីនយន្តហោះ និងសម្ភារពាក់ព័ន្ធផ្សេងទៀត ឱ្យទៅប្រទេសកូរ៉េខាងត្បូង។ កូរ៉ខាងត្បូង បានធ្វើប្រតិបត្តិការយន្តហោះចម្បាំងស៊េរីដ៏ទំនើបនេះ ចាប់តាំងពីឆ្នាំ២០១៨មក ខណៈអាមេរិកអនុម័តការលក់ពួកវា តែសម្រាប់បណ្តាដៃគូជិតស្និទ្ធបំផុតរបស់ខ្លួនប៉ុណ្ណោះ។ កាលពីប៉ុន្មានឆ្នាំមុន តួកគីត្រូវបានដកចេញពីកម្មវិធីអភិវឌ្ឍ F-35 បន្ទាប់ពីទីក្រុងអង់ការ៉ាបានទិញប្រព័ន្ធការពារដែនអាកាសពីប្រទេសរុស្ស៉ី។
គួរបញ្ជាក់ថា ការអនុម័តគម្រោងលក់យន្តហោះចម្បាំង F-35 ខាងលើ កើតមានស្របពេលភាពតានតឹង កំពុងបន្តកើនឡើងជាមួយកូរ៉េខាងជើង ដែលទើបតែបានធ្វើតេស្តបាញ់ មីស៉ីលបាលិស្ទីគលើកចុងក្រោយបំផុតកាលពីថ្ងៃពុធ ខណៈដែលមេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៉ី ដើម្បីពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែម ជាពិសេសផ្នែកយោធាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន៕