(ហាណូយ)៖ នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលវៀតណាម បានចេញបញ្ជាឱ្យមានការចុះត្រួតពិនិត្យទូទាំងប្រទេស នៅតាមអគារអាផាតមិន (apartment) តូចៗ ក្រោយគ្រោះអគ្គិភ័យបានឆាបឆេះអគារអាផាតមិនមួយកន្លែង នៅរដ្ឋធានីហាណូយហើយផ្តាច់ជីវិតមនុស្ស៥៦នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
គ្រោះអគ្គិភ័យបានចាប់ផ្តើមកាលពីវេលាយប់ មុនពាក់កណ្តាលអធ្រាត្រចន្លោះថ្ងៃអង្គារ-ពុធសប្តាហ៍នេះ នៅជាន់ចំណតទុកម៉ូតូនៃអគារអាផាតមិនមួយកន្លែង ដែលស្ថិតនៅជាប់ច្រកផ្លូវតូចចង្អៀតមួយ ក្នុងតំបន់ភាគនិរតីនៃទីក្រុងហាណូយ ដែលសម្បូរមនុស្សរស់នៅច្រើន។ អគារអាផាតមិនដែលឆាបឆេះ មានច្រកចេញតែមួយគត់ និងមិនមានជណ្តើរសម្រាប់គ្រាអាសន្ននៅខាងក្រៅឡើយ។ រីឯក្នុងចំណោមចំហៀងទាំង៤របស់អគារវិញ គឺមួយចំហៀងមិនមានបង្អួចសោះតែម្តង និងមួយចំហៀងទៀតមានប្រលោះខ្យល់ចេញចូលតូចៗ។
ម្ចាស់អគារអាផាតមិនខាងលើ ត្រូវបានប៉ូលិសទីក្រុងហាណូយចាប់ខ្លួន។ បើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ លទ្ធផលស៉ើបអង្កេតជាបឋមបានរកឃើញថា អគារកម្ពស់១០ជាន់នោះ បានល្មើសអាជ្ញាបណ្ណផ្តល់សិទ្ធិសាងសង់ ដែលត្រូវបានចេញឱ្យកាលពីឆ្នាំ២០១៥ សម្រាប់សាងសង់អគារអាផាតមិនកម្ពស់ត្រឹម៦ជាន់ប៉ុណ្ណោះ។
នៅថ្ងៃដដែលនេះ ក្រសួងមហាផ្ទៃវៀតណាមបានចេញសេចក្តីថ្លែងការណ៍ថា ប៉ូលិសទាំងអស់នៅទូទាំងប្រទេសវៀតណាម ទទួលបានបទបញ្ជាឱ្យធ្វើការចុះត្រួតពិនិត្យ ប្រព័ន្ធទប់ស្កាត់អគ្គិភ័យនៅតាមអគារអាផាតមិនតូចៗ និងកន្លែងជួលស្នាក់នៅដែលមានមនុស្សច្រើនៗ ហើយការបំពានណាមួយ ត្រូវតែដាក់ពិន័យឱ្យធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ គឺជាគ្រោះអគ្គិភ័យដ៏ប្រល័យបំផុតនៅប្រទេសវៀតណាម គិតចាប់តាំងពីខែតុលា ឆ្នាំ២០០២មក នៅពេលដែលអគ្គិភ័យ បានសម្លាប់មនុស្ស៦០នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ក្នុងទីក្រុងហូជីមិញ។ ប៉ុន្តែឆ្នាំចុងក្រោយនេះ វៀតណាមក៏បានជួបប្រទះឧបទ្ទវហេតុភ្លើងឆេះធ្ងន់ធ្ងរ ជាបន្តបន្ទាប់ផងដែរ ដែលភាគច្រើនគឺនៅតាមកន្លែងកម្សាន្ត។ តួយ៉ាងកាលពីមួយឆ្នាំមុន ភ្លើងឆេះបារការ៉ាអូខេមួយកន្លែង នៅក្បែរទីក្រុងហូជីមិញ បានផ្តាច់ជីវិតមនុស្ស៣២នាក់។ ម្ចាស់កន្លែងកម្សាន្តនោះត្រូវបានចាប់ខ្លួន ពីបទចោទប្រកាន់ពាក់ព័ន្ធការល្មើសបទបញ្ញត្តិស្តីពីការទប់ស្កាត់អគ្គិភ័យ៕