(ហ្សាការតា)៖ ក្រសួងការពារជាតិឥណ្ឌូណេស៉ី កាលពីថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញ យានសម្រាប់ជួយសង្រ្គោះក្រោមផ្ទៃទឹក ១គ្រឿង ក្នុងតម្លៃ១០០លានដុល្លារពីក្រុមហ៊ុននៅចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងខាងលើដែលធ្វើឡើងរវាង ក្រុមហ៊ុន PT BTI Indo Tenko ដែលជាដៃគូរបស់ក្រសួងការពារជាតិឥណ្ឌូណេស៉ី ជាមួយ​​ក្រុមហ៊ុន Submarine Manufacturing & Products ដែលជាអ្នកផលិតយានមុជទឹកខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅក្រៅព្រឹត្តិការណ៍ពិព័រណ៍ការពារជាតិមួយ ដែលប្រារព្ធឡើង នៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។ វាគឺជាកិច្ចព្រមព្រៀងថ្មីចុងក្រោយគេ ក្នុងចំណោមកិច្ចព្រមព្រៀងទិញសម្ភារយោធាជាបន្តបន្ទាប់ ដែលចំណាយថវិការាប់រយលានដុល្លារ នៅឥណ្ឌូណេស៉ី ក្នុងនោះរួមមានការទិញ​យន្តហោះចម្បាំងចម្បាំងបារាំង Rafale ៤២គ្រឿង សម្រាប់តម្លៃ៨.១ពាន់លានដុល្លារ, ដ្រូនតួកគី១២គ្រឿង សម្រាប់តម្លៃ៣០០លានដុល្លារ និងយន្តហោះចម្បាំងមួយទឹក Mirage 2000-5 ១២គ្រឿង តម្លៃ៨០០លានដុល្លារ។

គួរបញ្ជាក់ថា យានមុជទឹកខាងលើត្រូវបានរចនាឡើង សម្រាប់ប្រតិបត្តិការសង្រ្គោះដែលមានភាពឆាប់រហ័ស និងអាចផ្ទុកមនុស្សបានចំនួន​៥០នាក់ ហើយក៏អាចដឹកជញ្ជួនដោយយន្តហោះឬឧទ្ធម្ភាគចក្របានផងដែរ។ បើតាមក្រសួងការពារជាតិឥណ្ឌូណេស៉ី យានមុជទឹកនោះនឹងត្រូវប្រគល់មកជាមួយ​កប៉ាល់មេរបស់វា។ ឥណ្ឌូណេស៉ីមិនមានយានសម្រាប់ជួយសង្រ្គោះឡើយ នៅពេលដែលនាវាមុជទឹក១គ្រឿង ក្នុងចំណោម៥គ្រឿងរបស់ខ្លួន បានលិចអំលុងសមយុទ្ធមួយ នៅក្រោមផ្ទៃសមុទ្របាលី កាលពីឆ្នាំ២០២១ ហើយបានផ្តាច់ជីវិតនាវិកទាំង៥៣នាក់ នៅក្នុងនោះ៕