(កង់បេរ៉ា)៖ អូស្រ្តាលីនឹងរឹតបន្តឹងច្បាប់ដែលរារាំងអតីតបុគ្គលិកការពារជាតិនៅក្នុងប្រទេសខ្លួន ផ្តល់ការបណ្តុះបណ្តាលដល់យោធារបស់ប្រទេសមួយចំនួន ជាមួយការដាក់ចេញនូវទោសជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ និងការពង្រីកបម្រាមបន្ថែមទៀត ដើម្បីទប់ស្កាត់កុំឱ្យពលរដ្ឋអូស្រ្តាលី ផ្តល់ការបណ្តុះបណ្តាលយោធា ដល់ប្រទេសទាំងឡាយណា ដែលត្រូវបានចាត់ទុកជា ហានិភ័យចំពោះសន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
បម្រាមខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីមានករណីជាបន្តបន្ទាប់ នៃអតីតអាកាសយានិកយោធា ដែលរស់នៅក្នុងប្រទេសអូស្រ្តាលី បានធ្វើការឱ្យសាលាបង្ហាត់បង្រៀនបើកយន្តហោះមួយនៅប្រទេសអាហ្រ្វិកខាងត្បូង ដែលផ្តល់ការហ្វឹកហាត់ដល់ក្រុមអាកាសយានិកចិន។ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អូស្រ្តាលី បានចោទប្រកាន់ថា អាកាសយានិកចិនទាំងនោះ គឺជាអាកាសយានិកយោធា។ ប្រទេសជាដៃគូរបស់អូស្រ្តាលីក្នុងសម្ព័ន្ធភាពចែករំលែកព័ត៌មានសម្ងាត់ ហៅថា Five Eyes គឺរួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក នូវែលសេឡង់ កាណាដា នឹងត្រូវលើកលែងក្រោមច្បាប់ថ្មីនោះ។ បន្ថែមពីនេះ ការលើកលែងក៏នឹងត្រូវធ្វើឡើងផងដែរ ប្រសិនបើរដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីផ្ទាល់ អនុញ្ញាតការបណ្តុះបណ្តាលបែបនោះ ឬក៏វាពាក់ព័ន្ធនឹងកិច្ចប្រឹងប្រែងមនុស្សធម៌ ឬភារកិច្ចក្នុងអង្គការសហប្រជាជាតិ។
ដោយឡែក ទោសជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ នឹងត្រូវអនុវត្តសម្រាប់ការផ្តល់ការបណ្តុះបណ្តាលយោធា ឬយុទ្ធសាស្រ្តរបស់យោធាដល់យោធាឬមួយក៏ស្ថាប័នរបស់រដ្ឋាភិបាលបរទេស រួមបញ្ចូលទាំងអង្គការប្រភេទកូនកាត់រវាងស៉ីវិលនិងយោធា និងក្រុមហ៊ុនដែលជាកម្មសិទ្ធរបស់រដ្ឋ ដោយមិនមានការអនុញ្ញាតពីរដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី។ វាគឺជាការធ្វើវិសោធនកម្មបន្ថែមពីលើ ច្បាប់មានរួចស្រាប់នៅអូស្រ្តាលី ដែលហាមឃាត់ការផ្តល់ការបណ្តុះបណ្តាលយោធា ដល់រដ្ឋាភិបាលបរទេស ដោយអតីតសមាជិកយោធារបស់អូស្រ្តាលី។
ច្បាប់ថ្មីក៏នឹងរារាំងមិនឱ្យពលរដ្ឋអូស្រ្តាលី ឬបុគ្គលដែលមានទីលំនៅអចិន្រ្តៃយ៍នៅអូស្រ្តាលី ផ្តល់ការបណ្តុះបណ្តាលបែបនោះ ដោយពុំមានការអនុញ្ញាតពីប្រមុខការពារជាតិអូស្រ្តាលី ផងដែរ។ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយថា គោលបំណងនៃការរឹតបន្តឹងខាងលើ គឺដើម្បីទប់ស្កាត់កុំឱ្យបុគ្គលទាំងឡាយ ដែលដឹងអំពីព័ត៌មានសម្ងាត់ផ្នែកការពារជាតិរបស់អូស្រ្តាលី ផ្តល់ការបណ្តុះបណ្តាល ឬធ្វើការឱ្យយោធាឬរដ្ឋាភិបាលរបស់ប្រទេសមួយចំនួន ដែលសកម្មភាពបែបនោះ អាចនឹងធ្វើឱ្យសន្តិសុខជាតិអូស្រ្តាលី ប្រឈមជាមួយហានិភ័យ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន អតីតអាកាសយានិកម្នាក់នៃកងម៉ារីនអាមេរិក ដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសចិន ត្រូវបានចាប់ខ្លួននៅប្រទេសអូស្រ្តាលី ហើយប្រឈមនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ក្រោមបទចោទប្រកាន់ថា បានផ្តល់ការបណ្តុះបណ្តាលដល់ក្រុមអាកាសយានិកយោធាចិន នៅឯសាលាបង្រៀនបើកយន្តហោះមួយនៅអាហ្រ្វិកខាងត្បូង។ អាកាសយានិករូបនោះ ដែលមានឈ្មោះ ដានីញែល ដាក់ហ្គែន (Daniel Duggan) និងមានសញ្ជាតិអូស្រ្តាលី កំពុងបន្តស្ថិតក្រោមការឃុំឃាំង ហើយបានប្រកែកថាមិនបានប្រព្រឹត្តខុសអ្វីឡើយ។
TFASA ដែលជាសាលាបង្រៀនបើកយន្តហោះនៅអាហ្រ្វិកខាងត្បូងនោះ ត្រូវបានកត់ឈ្មោះចូលបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ក្រោមហេតុផលសន្តិសុខជាតិ កាលពីខែមិថុនាកន្លងទៅ សម្រាប់ការផ្តល់ការបណ្តុះបណ្តាលដល់ក្រុមអាកាសយានិកយោធាចិន ដោយប្រើប្រាស់ធនធានរបស់លោកខាងលិចនិងអង្គការណាតូ (NATO)។ រីឯមជ្ឈមណ្ឌលបណ្តុះបណ្តាលការបើកយន្តហោះ របស់ក្រុមហ៊ុន AVIC ដែលជាក្រុមហ៊ុនអាកាសចរណ៍និងការពារជាតិ ស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលចិន និងស្ថិតក្នុងភាពជាដៃគូរបស់ TFASA ក៏ជាប់ឈ្មោះក្នុងបញ្ជីខ្មៅផងដែរ៕