(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតី លោក ស៉ី ជិនពីង និងសមភាគីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី លើវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

មេដឹកនាំទាំងពីរ បានជួបគ្នាក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ម៉ាឌូរ៉ូ ទៅកាន់ទីក្រុងប៉េកាំង ក្នុងរយៈពេល ៥ឆ្នាំ។ ក្នុងជំនួបទ្វេភាគី លោក ស៉ី បាននិយាយថា ចិន និងវ៉េណេស៊ុយអេឡា គឺមិត្តល្អដែលមានការជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាមានការអភិវឌ្ឍន៍រួមគ្នា។ ចំណែក លោក ម៉ាឌូរ៉ូ បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម។

ប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អាកាសចរណ៍ស៉ីវិល និងអវកាសផងដែរ។ បើតាមសេចក្តីថ្លែងការណ៍រួម ដែលចេញដោយក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ វ៉េណេស៊ុយអេឡា មានឆន្ទៈចូលរួមជាមួយស្ថាប័នហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទាន ដូចជាធនាគារអភិវឌ្ឍថ្មីដែលបង្កើតឡើងដោយ BRICS ហើយនឹងបន្តគាំទ្រការធ្វើអន្តរកម្មប្រាក់យ័ន។

គួរបញ្ជាក់ថា ចិនជាប្រទេសនាំចូលប្រេងធំជាងគេរបស់ពិភពលោក និងជាម្ចាស់បំណុលធំជាងគេរបស់ វ៉េណេស៊ុយអេឡាដែលសម្បូរប្រេង។ ទំនាក់ទំនងដ៏កក់ក្តៅ យូអង្វែង ជាពិសេលើការទិញប្រេងជាប្រចាំរបស់ចិនពីវ៉េណេស៊ុយអេឡា នៅតែបន្ត បើទោះបីជាមានការដាក់ទណ្ឌកម្ម និងផ្អាកជំនួយហិរញ្ញវត្ថុពីសំណាក់ សហរដ្ឋអាមេរិក ដែលធ្វើឲ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនមួយនេះ ត្រូវជាប់គាំងសាច់ប្រាក់តាមរយៈកិច្ចព្រមព្រៀងកម្ចីសម្រាប់ប្រេង និងការវិនិយោគក៏ដោយ៕