(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) បាននិយាយថា សហភាពអឺរ៉ុប (EU) ត្រូវតែចូលរួមបន្ថែមទៀតជាមួយបណ្តាប្រទេសនៅតំបន់អាហ្វ្រិក ដោយចោទប្រកាន់រុស្ស៉ីបង្កចលាចលក្នុងតំបន់សាហែល (Sahel) ហើយថាអស្ថិរភាពដែលកើតចេញពីរដ្ឋប្រហារយោធា ធ្វើឲ្យតំបន់ងាយប្រឈមនឹងហានិភ័យនៃអំពើភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងសុន្ទរកថាគោលនយោបាយប្រចាំឆ្នាំទៅកាន់សភាអឺរ៉ុប នៅថ្ងៃពុធសប្តាហ៍នេះ លោកស្រី វ៉ុនឌឺ យេឡិន បានគូសបញ្ជាក់ថា «នេះគឺជាការព្រួយបារម្ភដោយផ្ទាល់ពីអឺរ៉ុប សម្រាប់សន្តិសុខនិងវិបុលភាពរបស់យើង»។ លោកស្រី វ៉ុនឌឺ ឡេយិន បានបន្ថែមថា «យើងត្រូវតែបង្ហាញពីការរួបរួមសម្រាប់តំបន់អាហ្វ្រិក ដូចដែលយើងបានបង្ហាញទៅកាន់អ៊ុយក្រែន។ យើងត្រូវផ្តោតលើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលស្របច្បាប់ និងអង្គការក្នុងតំបន់»

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោកស្រី វ៉ុនឌឺ យេឡិន ដែលកំពុងស្វែងរកអាណត្តិទី ២ក្នុងនាមជានាយកប្រតិបត្តិរបស់សហភាពអឺរ៉ុប ពីការបោះឆ្នោតទូទាំងតំបន់នៅឆ្នាំ២០២៤ ធ្វើឡើងចំពេលដែលការអនុវត្តរបស់ប្លុកលើការសន្យាចំណាយ ផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់តំបន់អាហ្វ្រិក មានភាពយឺតយាវ៕