(កាប៊ុល)៖ ចិន នៅថ្ងៃពុធសប្ដាហ៍នេះបានក្លាយជាប្រទេសដំបូងគេបំផុត ដែលបានតែងតាំងឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំប្រទេសអាហ្វហ្កានីស្ថាន ចាប់តាំងពី របបបដឹកនាំតាលីបង់ឡើងកាន់អំណាចមក ក្រោយពិធីប្រគល់សារតាំងក្នុងទីក្រុងកាប៊ុល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋាភិបាលអាហ្វហ្កានីស្ថានដឹកនាំដោយរបបតាលីបង់ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវដោយប្រទេសណាមួយឡើយ ហើយទីក្រុងប៉េកាំងក៏មិនបានបញ្ជាក់ថា តើការតែងតាំងឯកអគ្គរដ្ឋថ្មីរបស់ខ្លួន គឺជាការទទួលស្គាល់របបតាលីបង់ ឬក៏យ៉ាងណានោះដែរ។ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ មួយដូច្នេះថា «នេះជាការផ្លាស់ប្ដូរជាធម្មតានៃឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអាហ្វហ្កានីស្ថាន និងបង្ហាញពីឆន្ទៈចង់បន្តជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រវាងចិន និងអាហ្វហ្កានីស្ថាន»

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសនៃរបបតាលីបង់ បានប្រាប់ Reuters ថាឯកអគ្គរដ្ឋទូតចិនថ្មីលោក ចៅ ជីង (Zhao Xing) គឺជាឯកអគ្គរដ្ឋទូត បរទេសដំបូងគេបំផុត ដែលត្រូវបានតែងតាំង ចាប់តាំងពីខែសីហា ឆ្នាំ២០២១មក ជាពេលដែលក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មី ក្រោយសហរដ្ឋអាមេរិក ដកកងទ័ពចេញបិទបញ្ចប់វត្តមានក្នុងប្រទេសអាហ្វហ្កានីស្ថានអស់រយៈពេលជាង ២០ឆ្នាំ៕