(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថាយន្ដហោះចម្បាំងចិន ៦៨គ្រឿង និងនាវាចម្បាំង១០គ្រឿង បានធ្វើសកម្មភាពនៅក្បែរដែនកោះ របស់ខ្លួន ក្នុងរយៈពេលត្រឹមមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះ ក្រសួងការពារជាតិតៃវ៉ាន់បានគូសបញ្ជាក់ដូច្នេះថា «យន្ដហោះចម្បាំង ៦៨គ្រឿង និងនាវាចម្បាំង១០គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន បានធ្វើសកម្មភាពនៅជុំវិញកោះតៃវ៉ាន់ នៅចន្លោះពីថ្ងៃពុធ ដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ»។

គួរបញ្ជាក់ថា ការអះអាងខាងលើរបស់តៃវ៉ាន់ ធ្វើឡើង បន្ទាប់ពីទីក្រុងតៃប៉ិ កាលពីថ្ងៃពុធ បាននិយាយថាយន្ដហោះចម្បាំងចិន ៣៥គ្រឿង បានហោះ ចូលក្នុងដែនកំណត់អត្តសញ្ញាការពារដែនអាកាសរបស់ខ្លួន ដោយក្នុងនោះមានយន្ដហោះចម្បាំងមួយចំនួនបានចូលរួមក្នុងការធ្វើសមយុទ្ធជាមួយ នាវាផ្ទុកយន្ដហោះចម្បាំងសានទុង​ (Shandong) ក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច៕