(មូស្គូ)៖ បន្ទាប់ពីមានពាក្យចរចាមអារ៉ាមអស់រយៈពេលជាងមួយសប្ដាហ៍មកនេះ នៅទីបំផុតទៅ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជួប និងចាប់ដៃគ្នាហើយនៅថ្ងៃពុធ ទី១៣ ខែកញ្ញានេះ។ ជំនួបរវាងលោក គីម ជុងអ៊ុន និងលោក ពូទីន ធ្វើឡើងនៅឯផែអវកាស វ៉ូស្តូឈ្នី កូសម៉ូដ្រូម (Vostochny Cosmodrome) ជាមូលដ្ឋានបាញ់បង្ហោះយានអវកាសដ៏ទំនើបមួយ ស្ថិតនៅចុងបូព៌ាបំផុតនៃប្រទេសរុស្ស៉ី។

នេះក៏ជាជំនួបលើកដំបូងបំផុតដែររវាងមេដឹកនាកំពូលនៃប្រទេសទាំង២ ដែលបានជួបគ្នាលើកចុងក្រោយនៅឯកិច្ចប្រជុំមួយក្នុងទីក្រុង វ៉្លាឌីវ៉ូស្ដុក (Vladivostok) កាលពីឆ្នាំ២០១៩។ លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងពាសដែកទៅដល់រុស្ស៉ីកាលពីថ្ងៃអង្គារ ដើម្បីចូលរួមក្នុង កិច្ចពិភាក្សាជាមួយលោក ពូទីន ដែលសហរដ្ឋអាមេរិកអះអាងថានឹងផ្តោតជាសំខាន់លើកិច្ចព្រមព្រៀងអាវុធ។

នៅថ្ងៃពុធនេះដែរ លោក ពូទីន បាននិយាយថា រុស្ស៉ីនឹងជួយកូរ៉េខាងជើងផលិតផ្កាយរណប ហើយនៅពេល​ត្រូវបានសាកសួរថាតើរូបលោក និងលោក គីម ជុងអ៊ុន នឹងជជែកគ្នាអំពីការផ្គត់ផ្គង់​អាវុធដែរឬក៏អត់នោះ លោក ពូទីន បានឆ្លើយតបថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីបញ្ហាទាំងអស់។ ក្រុមមន្ត្រីអាមេរិកជាច្រើនថ្ងៃមកនេះ បាននិយាយថា កិច្ចពិភាក្សារវាងលោក គី​ម និងលោក ពូទីន អាចនឹងផ្តោតលើកិច្ចព្រមព្រៀងអាវុធមួយក្នុងនោះកូរ៉េខាងជើង អាចនឹងលក់គ្រាប់កាំភ្លើង គ្រាប់ភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះទៅឱ្យរុស្ស៉ី។

សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប រួមទាំងនៅអាស៊ី តួយ៉ាងដូចជាកូរ៉េខាងត្បូង និងជប៉ុន សម្ព័ន្ធភាពយោធាដ៏ជិតស្និទ្ធមួយរវាងរុស្ស៉ី និងកូរ៉េខាងជើង នឹងគំរាមកំហែងដល់ស្ថិរភាពទាំងក្នុងតំបន់អឺរ៉ុប និងអាស៊ី។ ប៉ុន្តែសម្ព័ន្ធភាពបែបនេះក៏អាចនាំរឿងឈឺក្បាដល់ចិនដូចគ្នា ប្រសិនបើបណ្ដាប្រទេសអឺរ៉ុបយករឿងនេះ មកដាក់សម្ពាធលើចិន ដែលគេមើលឃើញថាជាអ្នកគាំទ្រដ៏ធំរបស់កូរ៉េខាងជើង និងរុស្ស៉ី។

នៅមុនជំនួបរវាងលោក គីម និងលោក ពូទីន កើតឡើង ក្រុមមន្ត្រីស៊ើបការណ៍អាមេរិកក៏បានឱ្យដឹងដែរថាកិច្ចព្រមព្រៀងអាវុធអាចនឹងក្លាយជាកម្មវត្ថុមួយដ៏ ចម្បងនៃដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់ប្រទេសរុស្ស៉ី។ កូរ៉េខាងជើងមានស្តុកគ្រាប់កាំភ្លើងធំ ១២២មីលីម៉ែត្រ និង១៥៥ មីលីម៉ែត្រ ដែលរុស្ស៉ី កំពុងត្រូវការជាចាំបាច់ដើម្បីបន្តធ្វើសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ កូរ៉េខាងជើងក៏អាចផលិតផងដែរនូវយន្ដហោះដ្រូន និងមីស៊ីលទំនើបៗ ហើយមួយ ចំនួននៃអាវុធទាំងនេះត្រូវបានរាយការណ៍ថាទាហានរុស្ស៉ីកំពុងប្រើប្រាស់នៅលើសមរភូមិរួចទៅហើយ។

ជាក់ស្ដែង សេតវិមានធ្លាប់បានអះអាងថាកូរ៉េខាងជើង បានបញ្ចប់ជាសា្ថពរនូវការដឹកជញ្ជូនអាវុធដំណាក់កាលទី១ ទៅឱ្យក្រុមទាហានស៊ីឈ្នួលរុស្ស៉ី Wagner Group សម្រាប់ប្រើនៅក្នុងសង្រ្គាមអ៊ុយក្រែន កាលពីខែធ្នូ ឆ្នាំ២០២២។ រីឯ អ៊ុយក្រែនផ្ទាល់ថែមទាំងបានបញ្ជាក់ទៀតផងថាទាហានរបស់ខ្លួនធ្លាប់រឹបអូសអាវុធ មួយចំនួនផលិតដោយកូរ៉េខាងជើងនៅលើសមរភូមិ។ បើតាមក្រុមអ្នកជំនាញ អាវុធដែលកូរ៉េខាងជើងអាចនឹងផ្ដល់ឱ្យរុស្ស៉ីភ្លាមៗរួមមានគ្រាប់កំាភ្លើងធំ កាំភ្លើងធំ និងប្រព័ន្ធគ្រាប់រ៉ុក្កែតស៊េរីចាស់ដែលមិនមានបំពាក់ប្រព័ន្ធ GPS កំណត់គោលដៅជាក់លាក់នោះទេ។ ប៉ុន្តែ ខណៈអាវុធក្នុងឃ្លាំងកំពុងថយចុះ ការផ្ទេរអាវុធណាមួយ ពីកូរ៉េខាងជើងដែលនៅតែអាចប្រើការបាន វាជាអ្វីដែលរុស្ស៉ីកំពុងត្រូវការបំផុត ដើម្បីបំពេញស្ដុកអាវុធរបស់ខ្លួន សំដៅអូសបន្លាយសង្រ្គាម និងបន្សាបការគំាទ្ររបស់ បណ្ដាលោកខាងលិចដល់ទីក្រុងកៀវ។

ព្រមពេលជាមួយគ្នា ជាថ្នូរមកវិញ កូរ៉េខាងជើងអាចនឹងស្នើសុំការគាំទ្រពីរុស្ស៉ី ដូចជាជំនួយជាស្បៀងអាហារ ថាមពល និងការគាំទ្រសំខាន់ៗ ដែលជួយពង្រឹង អំណាចដឹកនាំរបស់លោក គីម ជុងអ៊ុន និងការអភិវឌ្ឍកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង។ លើសពីនេះទៅទៀត ការគាំទ្រផ្នែក បច្ចេកវិទ្យាពីរុស្ស៉ី អាចនឹងជួយឱ្យ កូរ៉េខាងជើងដោះស្រាយបញ្ហាបច្ចេកទេស ពាក់ព័ន្ធនឹងកម្មវិធីបាញ់បង្ហោះផ្កាយរណប នាវាមុជទឹកដោយដើរ ថាមពលនុយក្លេអ៊ែរ និងមីស៊ីលបំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរ។ ដូច្នេះហើយ ទើបសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ី ជាពិសេសគឺ កូរ៉េខាងត្បូង និងជប៉ុន សម្ដែងក្ដីព្រួយបារម្ភពីការខិតជិតគ្នារវាងរុស្ស៉ី និងកូរ៉េខាងជើង។ ជម្រើសនៅក្នុងការហាមឃាត់ការដឹកជញ្ជូន ឬផ្ទេរអាវុធពីកូរ៉េខាងជើងទៅឱ្យរុស្ស៉ី អាចនឹងមិនមានប្រសិទ្ធភាពឡើយដោយសារតែរុស្ស៉ី និងកូរ៉េខាងជើងមានព្រំដែនជាប់គ្នា។ ប៉ុន្តែអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនអាចដាក់ទណ្ឌកម្មលើប្រទេសទី៣ណាមួយដែលលូកដៃ ឬពាក់ព័ន្ធនឹងពាណិជ្ជកម្ម អាវុធរបស់ប្រទេសទាំង២នេះ។

យ៉ាងនេះក្ដី អ្នកដែលព្រួយបារម្ភពីការខិតជិតគ្នានេះ មិនមែនមានតែសហរដ្ឋអាមេរិកនោះទេ ពោលគឺទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងមូស្គូ និងព្យុងយ៉ាង ក៏អាចជា ក្ដីកង្វល់មួយដល់ចិនផងដែរ។ ដ្បិត ចិនមិនអាចរិះគន់លោក គីម ជុងអ៊ុន និងលោក ពូទីន ជាសាធារណៈឡើយ ហើយការធ្វើមិនដឹងមិនឮពីកិច្ចព្រមព្រៀងអាវុធរវាងរុស្ស៉ី និងកូរ៉េខាងជើងវិញ អាចនឹងបង្កើតជាភាពតានតឹងនៅក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសអឺរ៉ុប ដែលចិននៅតែមានក្ដីសង្ឃឹមថាអាចទាញពួកគេឱ្យចេញពីឥទ្ធិពលរបស់ សហរដ្ឋអាមេរិក។ ណាមួយ បើកាលណារុស្ស៉ី និងកូរ៉េខាងជើង កាន់តែខិតជិតគ្នា នោះវាអាចនឹងកាត់បន្ថយឥទ្ធិពលរបស់ចិនលើប្រទេសទាំង២ ជាពិសេសគឺលើ កូរ៉េខាងជើងតែម្ដង។

គួរបញ្ជាក់ថា ខណៈចិនតែងតែការពារកូរ៉េខាងជើង ពីការថ្កោលទោស និងទណ្ឌកម្មបន្ថែមពីអង្គការសហប្រជាជាតិ តែចិនក៏មិនចង់ឃើញជម្លោះ ឬអស្ថិរភាព កើតឡើង នៅក្បែរតំបន់ព្រំដែនរបស់ខ្លួននោះដែរ ខណៈលោក ស៊ី ជិនពីង កំពុងព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុងជាច្រើនរបស់ចិន និងមិនចង់ផ្ដល់លេសមួយឱ្យសហរដ្ឋអាមេរិក ដើម្បីបង្កើនវត្តមានយោធានៅក្នុងតំបន់ដោយសំអាងលើការគំរាមកំហែងពីកូរ៉េខាងជើង នោះដែរ។ ពិតណាស់ថាការលេចឡើងនូវសម្ព័ន្ធភាពថ្មីមួយដើម្បីប្រឆាំង លោកខាងលិច កំពុងទាក់ទាញចំណាប់អារម្មណ៍មនុស្សមួយចំនួនក្នុងទីក្រុងប៉េកាំង ប៉ុន្តែវាក៏នឹងមិនធ្វើឱ្យចិនមានអារម្មណ៍ថាមានសុវត្ថិភាព នោះដែរ៕