(បាងកក)៖ នៅក្នុងកិច្ចប្រជុំផ្លូវការលើកដំបូងរបស់ខ្លួននៅថ្ងៃពុធនេះ រដ្ឋាភិបាលថៃថ្មីបានអនុម័តវិធានការមួយចំនួន ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចប្រទេសឱ្យងើបឡើងវិញ ក្នុងនោះរួមមានទាំងការសម្រេចបើកប្រាក់បៀវត្សជូនមន្ត្រីរាជការពីរដងក្នុងមួយខែ ជំនួយឱ្យមួយដងក្នុងមួយខែដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Bankok Post នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ទាក់ទងនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក Srettha Thavisin បានថ្លែងយ៉ាងដូច្នេះថា «នេះជាពិសេសនឹងជួយសម្រួលដល់មន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមពីការពឹងផ្អែកលើប្រាក់កម្ចី ដោយសារពួកគេនឹងមិនត្រូវរង់ចាំយូរដើម្បីទទួលបានប្រាក់ខែឡើយ»។

ទោះជាយ៉ាងណា លោក Srettha បានគូសបញ្ជាក់បន្ថែមថា «បទប្បញ្ញត្តិជាច្រើននឹងត្រូវធ្វើវិសោធនកម្ម ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរថ្ងៃបើកប្រាក់បៀវត្ស ដូច្នេះវាមិនអាចចាប់ផ្តើមភ្លាមៗបានទេ។ វាត្រូវបានគ្រោងនឹងចាប់ផ្តើមនៅខែមករា ឆ្នាំក្រោយ (២០២៤)»។

គួរបញ្ជាក់ថា ក្រៅពីវិធានការខាងលើ រដ្ឋាភិបាលថៃថ្មីដែលដឹកនាំដោយ លោក Srettha Thavisin ក៏បានអនុម័តវិធានការមួយចំនួនទៀតក្នុងគោលបំណងជំរុញសេដ្ឋកិច្ចប្រទេស រួមទាំងការបញ្ចុះថ្លៃអគ្គិសនី និងប្រេងម៉ាស៊ូត ប្រព័ន្ធលើកលែងទិដ្ឋាការ និងការពន្យាពេលបំណុលកសិកម្មផងដែរ៕