(មូស្គូ)៖ ដំណើរជួបគ្នារវាងមេដឹកនាំកូរេខាងជើង និងមេដឹកនាំរុស្ស៊ីលើទឹកដីរុស្ស៊ី បានក្លាយជាចំណុច លេចធ្លោមួយដែលសាធារណមតិក្នុងតំបន់និងពិភពលោក កំពុងតាមដានយកចិត្តទុកដាក់ជាខ្លាំង។ សហរដ្ឋអាមេរិកបានព្យាយាមជាខ្លាំងដើម្បីរារាំង​មិនឱ្យមានការចុះហត្ថលេខាណា មួយ រវាងមេដឹកនាំនៃប្រទេសទាំង២ពាក់ព័ន្ធនឹងការផ្តល់គ្រឿងសព្វាវុធឡើយ ប៉ុន្តែជំនួបរវាង មេដឹកនាំរុស្ស៊ី និងមេដឹកនាំកូរ៉េខាងជើងនៅតែបន្តធ្វើ ដោយមិនយកចិត្តទុកដាក់នឹងការព្រមានរប​ស់សហរដ្ឋអាមេរិកឡើយ។

ដំណើរជួបគ្នារវាងមេដឹកនាំកូរេខាងជើង និងមេដឹកនាំរុស្ស៊ីលើទឹកដីរុស្ស៊ីនៅតែប្រព្រឹត្តទៅ បើទោះបីជាសម្តីព្រមានព្យាយាមរកការរារាំងមិនឱ្យមេដឹកនាំប្រទេសទាំង២ អាចចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់អាវុធផ្គត់ផ្គង់ដល់រុស្ស៊ីយ៉ាងណាក៏ដោយ។

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកទៅ កាន់ប្រទេសរុស្ស៊ី គឺជាការបង្ហាញយ៉ាងច្បាស់អំពី «សារៈសំខាន់ជាយុទ្ធសាស្ត្រ» នៃទំនាក់ទំនង របស់ប្រទេសទាំងពីរ។

សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចដើម្បីការចង់ធ្វើឱ្យរុស្ស៊ីទន់ដៃលើសមរភូមិ បាន ព្រួតគ្នាជួយផ្តល់អាវុធ និងយុទ្ធោបករណ៍សឹកទំនើបៗដល់អ៊ុយក្រែន ដែលបាននិងកំពុងធ្វើ យុទ្ធនាការរដូវក្តៅវាយដណ្តើមយកទឹកដីភាគខាងកើតពីរុស្ស៊ី។

ឧត្តមសេនីយ៍ជាន់ខ្ពស់​របស់សហរដ្ឋអាមេរិកលោកឧត្តមសេនីយ៍ Mark Milley បានថ្លែងថា យុទ្ធនាការរដូវប្រាំងរបស់អ៊ុយក្រែននៅសល់ពេលប្រមាណតែ៦សប្តាហ៍ទៀតតែប៉ុណ្ណោះនៅ មុនអាកាសធាតុរងារនឹងឈានចូលមកដល់។ យុទ្ធនាការរដូវប្រាំងដែលចាប់ផ្តើមតាំងពីថ្ងៃទី ៤មិថុនា ទោះបីមិនបានលឿនដូចតាមការរំពឹងទុកប៉ុន្តែក៏មានសេចក្តីរាយការណ៍ភាពវិ​វត្តន៍ ខ្លះទៅមុខតាមកន្លែងមុខព្រួញមួយចំនួនផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលិនស្គី បាននិយាយថា អ៊ុយក្រែននៅតែ​មាន ឱកាស​ក្នុងការ​វាយបក​និងរុលទៅមុខ ប៉ុន្តែ លោក​បាន​និយាយថា គេមិនគួរ​ចាត់ទុក​ការ​វាយបក​ Counter Offensive នោះដូចទៅនឹង​ខ្សែភាពយន្តដែលចប់ត្រឹម ៩០នាទី នោះទេ ។
ប៉ុន្តែនៅជា​មួយនឹងការចង់ជំរុញឱ្យរុស្ស៊ីទន់ដៃនៅលើសមរភូមិតាមរយៈការវាយបកក្នុងយុទ្ធ នាការរដូវប្រាំងនេះ, កម្លាំងរុស្ស៊ីត្រូវគេឃើញថា នៅតែបន្តការវាយប្រហារដាក់មកលើកង កម្លាំងអ៊ុយក្រែនដែលមានគ្រឿងសព្វាវុធមិនចេះខ្វះខាត និងវេលាចុងក្រោយនេះទៀតអាច នឹងមានអាវុធប្រយុទ្ធកាន់តែកើនថែមទៀតបើសិនជាមានការជួយផ្តល់គ្រឿងសព្វាវុធពីកូរ៉េខាងជើង។

សេចក្តីរាយការណ៍បានបង្ហាញថាកូរ៉េខាងជើងមានអាវុធរ​បស់ខ្លួនជាច្រើន ទាំងគ្រាប់កាំភ្លើងផ្លោង, គ្រាប់រ៉ុក្កែតនិងគ្រាប់កាំភ្លើងដៃ។ បើសិនជាមានការផ្គត់ផ្គង់អាវុធពីកូរ៉េខាងជើងមែននោះ មានការវាយតម្លៃថា ឃ្លាំងស្តុកគ្រាប់របស់រុស្ស៊ីនឹងត្រូវបំពេញសាជាថ្មីឡើងវិញ បន្ទាប់ពីបានប្រើប្រាស់អស់ជាច្រើនក្នុងសង្គ្រាមដែលឈានចូលដល់ជាង១៨ខែកន្លងមកនេះ។
អាវុធកូរ៉េខាងជើង បើសិនជាមានការផ្គត់ផ្គង់នោះមែន នឹងក្លាយជាថ្នាំបន្សាបមួយនៃកិច្ចប្រឹងប្រែងរប​ស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច ដែលចង់កាត់ផ្តាច់សេដ្ឋកិច្ច រុស្ស៊ីនិងធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសឯកោជាអន្តរជាតិនោះ។
លោក គីម ជុងអ៊ុន បានធ្វើដំណើរមកដល់ប្រទេសរុស្ស៊ីតាមរថភ្លើងឯកជននៅថ្ងៃអង្គារទី១២ កញ្ញាឆ្នាំ២០២៣ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលព្រឹត្តិការណ៍នេះ គឺនៅចំពេលមានសម្តីព្រមានពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្រមានផលវិបាក ជុំវិញកិច្ចពិភាក្សាដែលពាក់ព័ន្ធ នឹងការធ្វើទំនាក់ទំនងពាណិជ្ជកម្មអាវុធ។

របាយការណ៍បណ្តាញសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា «លោក Kim Jong Un បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហព័ន្ធរុស្ស៊ី ... គឺជាការបង្ហាញយ៉ាង ច្បាស់អំពីអាទិភាពសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងកូរ៉េខាងជើងនិងរុស្ស៊ី»។

រូបភាពដែលចេញផ្សាយដោយបណ្តាញសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបង្ហាញថា លោក Kim Jong Un មកដល់ស្ថានីយ៍រថភ្លើងក្នុងទីក្រុង Khasan នៃតំបន់ព្រំដែននាព្រឹកថ្ងៃអង្គារ ហើយត្រូវបានទទួលស្វាគមន៍ ដោយមន្ត្រីជាន់ខ្ពស់ធ្វើដំណើរមកពីទីក្រុងម៉ូស្គូ និងមកពី កន្លែងផ្សេងទៀត។

លោក​ Kim Jong Un ត្រូវគេឃើញបាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ធនធាន​ធម្មជាតិ​របស់​រុស្ស៊ី លោក Alexander Kozlov។ សកម្មភាពជាបន្តបន្ទាប់របស់ លោក គីម ជុងអ៊ុន មិនត្រូវបានគេរាយ ការណ៍បញ្ជាក់ឱ្យច្បាស់លាស់ និងលំអិតឡើយ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុន និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា លោកអាចនឹងជួបជាមួយលោកពូទីននៅ ទីយានអវកាស Vostochny cosmodrome នាភាគខាងកើតប្រទេសរុស្ស៊ី។

ខណៈដែលមេដឹកនាំកូរ៉េខាងជើង កំពុងធ្វើដំណើរចូលមកដល់ទឹកដីរុស្ស៊ីនោះ, ប្រធានាធិបតី លោកវ្លាឌីមៀរពូទីន ត្រូវគេរាយការណ៍កំពុងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ានាទីក្រុងវ្ល៉ាឌីវ៉ូស្តុក ដែលជាតំបន់នៃទីក្រុងកំពង់ផែប៉ាស៊ីហ្វិកស្ថិតនៅជិតបំផុតនៃតំបន់ព្រំដែនកូរ៉េខាងជើង។
បណ្តាអ្នកយកព័ត៌មានដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក ត្រូវបាន គេរារាំងមិនឱ្យសួរលោកពូទីននូវព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាង ជើងឡើយ ប៉ុន្តែលោកពូទីនបានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងគ្រោងធ្វើដំណើរទៅទីយានអវកាស Vostochny cosmodrome ក្នុងពេលខាងមុខនេះ។

លោកពូទីនត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីដែលនិយាយប្រាប់ពួកគេថា «ខ្ញុំមានកម្មវិធីរបស់ខ្ញុំនៅទីនោះ ហើយនៅពេលដែលខ្ញុំទៅដល់ទីនោះ អ្នកនឹងដឹង»។
ការធ្វើដំណើររបស់លោកគីមជុងអ៊ុនទៅកាន់ប្រទេសរុស្ស៊ីនេះ គឺនៅបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ចេញព័ត៌មានសម្ងាត់របស់ខ្លួនដែលនិយាយថា មេដឹកនាំកូរ៉េខាងជើងនិងមេដឹកនាំរុស្សី នឹងពិភាក្សាអំពីលទ្ធភាពនៃការផ្គត់ផ្គង់គ្រឿងសព្វាវុធដល់ប្រទេសរុស្ស៊ី សម្រាប់ការបន្តធ្វើ សង្គ្រាមក្នុងអ៊ុយក្រែន។
ការទំលាយព័ត៌មានសម្ងាត់របស់អាមេរិកបាននិយាយថា លោក វ្លាឌីមៀរ ពូទីន ចង់ឱ្យមេដឹក នាំកូរ៉េខាងជើងយល់ព្រមបញ្ជូនគ្រាប់កាំភ្លើងធំ និងអាវុធមីស៊ីល បាញ់ប្រឆាំងរថក្រោះ ឱ្យ រុស្ស៊ី…ចំណែកលោកគីមជុងអ៊ុនចង់ឱ្យរុស្ស៊ីផ្តល់មកកូរ៉េខាងជើងវិញនូវបច្ចេកវិទ្យាទំនើប សម្រាប់ផ្កាយរណប, បច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ, គ្រាប់ធញ្ញជាតិ និងប្រេងឧស្ម័ន្ធ។

កូរ៉េខាងជើងនិងរុស្ស៊ីតែងបដិសេធជាប់ជានិច្ចនូវសេចក្តីរាយការណ៍ណាដែលនិយាយថា កូ រ៉េខាងជើងនឹងធ្វើការផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ី។
សហរដ្ឋអាមេរិកដើម្បីតែការព្យាយាមទប់ស្កាត់នូវបញ្ហាជំនួបកំពូលនេះ បានព្យាយាមទម្លាយ ទាំងរឿងសម្ងាត់នោះផង, ការធ្វើប្រតិកម្មប្រឆាំងទាំងមន្ត្រីសេតវិមាន, មន្ត្រីក្រសួងការបរ ទេសនិងក្រសួងការពារជាតិផង ប៉ុន្តែដំណើរទស្សនកិច្ចដើម្បីជួបគ្នារវាងមេដឹកនាំនៃប្រទេស ទាំង២ នៅតែបន្តធ្វើជាដដែល។

មន្ត្រីសេតវិមានលោក Jake Sullivan បានព្រមានជាពាក្យសម្តីដាក់លើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមុនជំនួបគ្នាថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងត្រូវ «បង់ថ្លៃ» សម្រាប់ការ ផ្គត់ផ្គង់អាវុធដល់រុស្ស៊ីនោះ។
នៅទន្ទឹមនឹងមានសេចក្តីរាយការណ៍ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងធ្វើ ដំណើរសំដៅរកការជួបគ្នាជាមួយនឹងមេដឹកនាំរុស្ស៊ីនេះ, មន្ត្រីនាំពាក្យក្រសួងការបរទេស អាមេរិកបានផ្តល់ប្រតិកម្មបន្ថែមបង្ហាញថា ជំនួបដើម្បីកិច្ចពិភាក្សារឿងអាវុធនោះ គឺជាអំពើខុសច្បាប់។

លោក Matthew Miller ដែលជាមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថា «ខ្ញុំសូម រំលឹកដល់ប្រទេសទាំង២ថាការបញ្ជូនអាវុធពីកូរ៉េខាងជើងទៅឱ្យរុស្ស៊ី គឺជាការរំលោភបំពាន នឹងសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយយើងត្រូវតែ បង្ខំដាក់ទណ្ឌកម្មប្រឆាំងលើបុគ្គលពាក់ព័ន្ធទាំងឡាយណា ដែលចំណាយលើកិច្ចប្រឹងប្រែងឱ្យ រុស្ស៊ីបន្តសង្គ្រាម និងសហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនដែលពាក់ព័ន្ធ និងយើងមិនញញើតក្នុងការធ្វើការដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតឡើយ។

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា រុស្ស៊ីមានបំណងចង់ទិញគ្រាប់ផ្លោងច្រើនលានគ្រាប់និង គ្រាប់រ៉ុក្កែតពីកូរ៉េខាងជើង។
សេចក្តីរាយការណ៍បានបង្ហាញថា លោក Kim Jong Un បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ជាមួយនឹងមន្ត្រីយោធាកំពូលរបស់គាត់រួមទាំងសេនាប្រមុខ លោក Pak Jong Chon នៃកង ទ័ពប្រជាជនកូរ៉េ និងប្រធាននាយកដ្ឋានឧស្សាហកម្មអាវុធ លោក Jo Chun Ryong ។
មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក ពូទីន និងលោក គីមជុងអ៊ុន នឹងធ្វើកិច្ចសហការជាមួយវិស័យសំខាន់ជាច្រើនដែលវានឹងមិនក្លាយជាប្រធានបទ សម្រាប់ត្រូវបញ្ចេញផ្សាយ និងប្រកាសជាសាធារណៈឡើយ៕