(ដឺណា)៖ មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដែលបានវាយប្រហារទីក្រុង Derna នៅភាគខាងកើតប្រទេសលីប៊ីកាលពីពេលថ្មីៗនេះ បានឡើងដល់ជាង ៥,០០០នាក់ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ខណៈអាជ្ញាធរបានព្យាយាមប្រឹងប្រែងក្នុងការផ្តល់ជំនួយដល់ទីក្រុងឆ្នេរសមុទ្រ ដែលមនុស្សរាប់ពាន់នាក់នៅបន្តបាត់ខ្លួន និងរាប់ម៉ឺននាក់គ្មានផ្ទះសម្បែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
លោក Osama Ali អ្នកនាំពាក្យនៃមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ នៅភាគខាងកើតប្រទេសលីប៊ីបាននិយាយថា យ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ៥,១០០នាក់ហើយ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Derna រួមជាមួយនឹងមនុស្សប្រហែល ១០០នាក់ផ្សេងទៀត នៅកន្លែងផ្សេងទៀតនៅភាគខាងកើតប្រទេសលីប៊ី។
លោកបានប្រាប់សារព័ត៌មាន The Associated Press តាមទូរសព្ទថ្ងៃពុធនេះដូច្នេះថា មនុស្សជាង ៧,០០០នាក់បានរងរបួសនៅក្នុងទីក្រុងនេះ ដែលភាគច្រើនបានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យវាលដែលអាជ្ញាធរ និងភ្នាក់ងារជំនួយបានបង្កើតឡើង។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ បុគ្គលិកសង្គ្រោះបន្ទាន់បានរកឃើញសាកសពជាង ១,៥០០ នៅក្រោមគំនរបាក់បែកនៅ ក្នុងទីក្រុង Derna ភាគខាងកើតប្រទេសលីប៊ី។ រូបភាពផ្កាយរណបបង្ហាញមុន និងក្រោយទឹកជំនន់ ដែលបង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញនៅក្នុងទីក្រុងមួយនេះ ដែលមានប្រជាជនច្រើនជាង ១២០,០០០ នាក់។
យោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុកបានឱ្យដឹងថា សោកនាដកម្មនេះបានធ្វើឱ្យមនុស្សយ៉ាងតិច ៣០,០០០នាក់ ត្រូវភៀសខ្លួននៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមស៊ីវិលរយៈពេលមួយទសវត្សរ៍មួយនេះ៕