(ញូដេលី)៖ រដ្ឋកេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា បានបិទសាលារៀន ការិយាល័យការងារ និងសេវាដឹកជញ្ជូនសាធារណៈមួយចំនួន ខណៈអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលនៃមេរោគនីប៉ាហ៍ (Nipah) ដែលអាចបំផ្លាញខួរក្បាល បន្ទាប់ពីបានសម្លាប់មនុស្សចំនួន ២នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមមន្ត្រីសុខាភិបាលរដ្ឋ បាននិយាយថា មនុស្សពេញវ័យ និងកុមារម្នាក់ដែលឆ្លងមេរោគនេះកំពុងបន្តទទួលការព្យាបាល ហើយមនុស្សជាង ១៣០នាក់ត្រូវបានធ្វើតេស្តរកមេរោគ បន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយសារធាតុរាវក្នុងរាងកាយរបស់សត្វប្រចៀវ ជ្រូក ឬមនុស្សដែលមានមេរោគនេះ។

រដ្ឋមន្ត្រីសុខាភិបាលប្រចាំរដ្ឋ លោកស្រី វីណា ចច (Veena George) បានប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងផ្តោតលើ ការតាមដានទំនាក់ទំនងរប់អ្នកឆ្លងមុនៗ និងដាក់ពួកគេឲ្យនៅដាច់ដោយឡែកពីអ្នកដែលមានរោគសញ្ញា។ ជាមួយគ្នានេះ សកម្មភាពនៅទីសាធារណៈត្រូវបានដាក់កម្រិតនៅក្នុងផ្នែកខ្លះនៃរដ្ឋ ដើម្បីទប់ស្កាត់វិបត្តិផ្នែកវេជ្ជសាស្ត្រ»

គួរបញ្ជាក់ថា មេរោគ Nipah ត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ អំឡុងពេលមានការផ្ទុះជំងឺក្នុងចំណោមអ្នកចិញ្ចិមសត្វជ្រូក និងអ្នកដទៃទៀតដែលបានប៉ះពាល់ជាមួយសត្វទាំងនោះ នៅក្នុងប្រទេសម៉ាឡេស៉ី និងសិង្ហបុរី។ កាលពីឆ្នាំ២០១៨ អ្នកឆ្លងមេរោគ ២នាក់បានស្លាប់ក្រោយការផ្ទុះមេរោគលើកទី ៤ ក្នុងរដ្ឋការ៉ាឡានេះ។ ដោយឡែកនៅឆ្នាំ២០១៩ និងឆ្នាំ២០២១ បានឆក់យកជីវិតមនុស្ស ២នាក់ទៀត៕