(ប៉េកាំង)៖ ទាក់ទងនឹងករណីដែលប្រទេសប៉ែកខាងលិចមួយចំនួន បានឃោសនានាពេលថ្មីៗកន្លងទៅនេះថា សេដ្ឋកិច្ចចិនមានភាពអន់ថយ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានច្រានចោល ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងកាលពីថ្ងៃទី ១២ ខែកញ្ញា ។ លោកស្រីបានថ្លែងថា សេដ្ឋកិច្ចចិននៅតែជាកម្លាំងជំរុញដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចសកលដដែល។

លោកស្រី Mao Ning បានលើកឡើងថា តាំងពីចូលឆ្នាំនេះមក ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងទន់ខ្សោយ បរិយាកាសខាងក្រៅមានភាពកាន់តែតានតឹងនិងស្មុគស្មាញ ។ ប៉ុន្តែសេដ្ឋកិច្ចចិនបាននិងកំពុងស្តារឡើងវិញជាបន្តបន្ទាប់ ហើយនិន្នាការងើបឡើងវិញជាទូទៅមានភាពល្អប្រសើរ ។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ GDP របស់ប្រទេសចិនបានកើនឡើង ៥,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ដោយឡែកអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណថា ឆ្នាំនេះ សេដ្ឋកិច្ចចិននឹងកើនឡើង ៥,២ ភាគរយ ហើយអត្រារួមចំណែកចំពោះកំណើន សេដ្ឋកិច្ចសកលនឹងឡើងដល់ ១ភាគ៣ ។
លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចចិនមានភាពធន់យ៉ាងខ្លាំងក្លា សក្តានុពលធំនិងភាពរស់រវើកយ៉ាងពេញលេញ ហើយនិន្នាការទូទៅដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរមិនប្រែប្រួលទេ ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវការបើកទូលាយ ចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកជាមួយបណ្តាប្រទេសនានា លើពិភពលោកនិងចែករំលែកផលប្រយោជន៍នៃការអភិវឌ្ឍ ហើយការអភិវឌ្ឍរបស់ប្រទេសចិននឹងនាំមកនូវឱកាស កាន់តែច្រើនដល់ប្រទេសជិតខាងនៅអាស៊ី ក៏ដូចជាពិភពលោកផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន