(សេអ៊ូល)៖ ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានសម្រេចចិត្តតែងតាំងលោក ស៉ីន វ៉ុនស៉ីគ (Shin Won Sik) ដែលជាសមាជិកសភាបក្សកាន់អំណាច និងជាឧត្តមសេនីយ៍ផ្កាយ៣ ដែលចូលនិវត្តន៍ម្នាក់ ឱ្យឡើងកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិថ្មីរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

លោក គីម ដេគី (Kim Dae Ki) ដែលជាប្រធានខុទ្ទកាល័យរបស់លោក យូន បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «លោក ស៉ីន គឺជាបុគ្គលដ៏សក្តិសម ក្នុងការពង្រឹងសមត្ថភាពផ្នែកសន្តិសុខរបស់ប្រទេសយើង ដើម្បីប្រឆាំងទប់ទល់ជាមួយការគំរាមកំហែងកាន់តែខ្លាំងឡើង នៃមីស៉ីលនិង​អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ព្រោះលោកមានបទពិសោធច្រើន ទាំងក្នុងគោលនយោបាយនិងយុទ្ធសាស្រ្តការពារជាតិ»។ រីឯលោក ស៉ីន ផ្ទាល់បាននិយាយថា រូបលោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាថាប្រជាជនកូរ៉េខាងត្បូង អាចរស់នៅដោយ​សន្តិភាព ចំពោះមុខបញ្ហាប្រឈមធ្ងន់ធ្ងរផ្នែកសន្តិសុខ។

គួរបញ្ជាក់ថា ដំណឹងនៃការតែងតាំងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងថ្មីខាងលើ គឺស្របពេលដែលកូរ៉េខាងជើង ទើបតែបានបាញ់តេស្ត មីស៉ីលបាលិស្ទីគជាថ្មីនៅថ្ងៃពុធនេះ ហើយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី។ ជាមួយគ្នានេះ លោក យូន ក៏បានផ្លាស់ប្តូររដ្ឋមន្រ្តីវប្បធម៌និងរដ្ឋមន្រ្តីសមភាពយេនឌ័រផងដែរ ខណៈការតែងតាំងរដ្ឋមន្រ្តីថ្មីទាំងអស់នេះ គឺត្រូវតែឆ្លងកាត់ការអនុម័តរបស់សភាកូរ៉េខាងត្បូង៕