(វ៉្លាឌីវ៉ូស្តុក)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃពុធនេះ បានប្តេជ្ញាពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយរុស្ស៉ី ដោយរូបលោកបាននិយាយថា កូរ៉េខាងជើងនឹងឈរនៅជាមួយរុស្ស៉ីជានិច្ច ហើយនឹងផ្តោតអាទិភាពចម្បងបំផុតទៅលើទំនាក់ទំនងជាមួយទីក្រុងមូស្គូ ស្របពេលដែលលោកបើកកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅមូលដ្ឋានបង្ហោះយានអវកាសមួយកន្លែង នៅឯតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងជំនួបជាមួយលោក ពូទីន លោក គីម ជុងអ៊ុន បានលើកឡើងថា កូរ៉េខាងជើងនឹងយកទំនាក់ទំនងទ្វេភាគីជាមួយប្រទេសរុស្ស៉ី ធ្វើជាអាទិភាពចម្បងទីមួយរបស់ខ្លួន ខណៈរុស្ស៉ីកំពុងប្រឈមតទល់នឹងអ្វីដែលលោកហៅថា កងកម្លាំងស្រេកឃ្លានអនុត្តរភាពដែលកំពុងតែព្យាយាមបំផ្លាញសន្តិសុខរបស់ប្រទេសរុស្ស៉ី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី លោក គីម បានបន្តយ៉ាងដូច្នេះថា «យើងតែងតែបានបង្ហាញការគាំទ្រពេញទំហឹងនិងឥតលក្ខខណ្ឌ សម្រាប់ចំណាត់ការនានារបស់រដ្ឋាភិបាលរុស្ស៉ី ហើយខ្ញុំសូមយកឱកាសនេះដើម្បីធានាជាថ្មីថា យើងនឹងបន្តឈរនៅជាមួយរុស្ស៉ីជាប់ជានិច្ច»។
កន្លងមកនេះ ក្រុមមន្រ្តីនិងអ្នកជំនាញរបស់សហរដ្ឋអាមេរិក បានអះអាងថា រុស្ស៉ីមានការចាប់អារម្មណ៍លើសព្វាវុធរបស់កូរ៉េខាងជើង ដោយចង់ទិញគ្រាប់រំសេវ ដូចជាគ្រាប់កាំភ្លើងធំនិងមីស៉ីលប្រឆាំងរថក្រោះជាដើម ដើម្បីយកទៅប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួននៅឯអ៊ុយក្រែន។ ចំណែកខាងទីក្រុងព្យុងយ៉ាង ក៏អាចទទួលបានផលប្រយោជន៍មកវិញផងដែរ ខណៈដែលខ្លួនចង់បានបច្ចេកវិទ្យាផ្កាយរណបទំនើបៗ និងបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន និងលោក ពូទីន បានជួបគ្នានៅមូលដ្ឋានបាញ់បង្ហោះយានអវកាសរបស់រុស្ស៉ី Vostochny Cosmodrome បន្ទាប់ពីលោក គីម បានធ្វើដំណើរចូលដល់ព្រំប្រទល់ប្រទេសរុស្ស៉ី តាមរយៈរថភ្លើងពាសដែកពិសេស កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ជំនួបកំពូលរវាងមេដឹកនាំទាំង២ ដែលធ្វើឡើងទាំងក្នុងលក្ខណៈរវាងប្រតិភូ និងមួយទល់មួយ បានបិទបញ្ចប់ទៅវិញហើយ ក្រោយប្រព្រឹត្តទៅអស់រយៈពេលប្រហែល២ម៉ោង។ លោក ពូទីន និងលោក គីម ត្រូវគេរំពឹងថា ក៏នឹងពិសាអាហារពេលល្ងាចជាមួយគ្នា ក្នុងពិធីជប់លៀងមួយផងដែរ។
វាគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងបង្អស់ សម្រាប់លោក គីម ជុងអ៊ុន ក្នុងរយៈពេលជាង៤ឆ្នាំមកនេះ និងជាលើកដំបូង គិតចាប់តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាតសកលកូវីដ១៩។ ការបំពេញទស្សនកិច្ចលើកចុងក្រោយបំផុតរបស់លោក គីម នៅឯក្រៅប្រទេស គឺកាលពីឆ្នាំ២០១៩ នៅពេលដែលរូបលោកបានធ្វើដំណើរទៅកាន់ទីក្រុង Vladivostok សម្រាប់កិច្ចប្រជុំកំពូលលើកទីមួយ ជាមួយលោក ពូទីន ក្រោយការដួលរលំនៃកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕