(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា កន្លែងផលិតនិងជួសជុលនាវាក្នុងទីក្រុងសាវ៉ាស្តូប៉ូល (Sevastopol) នៃតំបន់គ្រីមៀ (Crimean) បានរងនូវការឆាបឆេះនៅព្រឹកថ្ងៃពុធនេះ ហើយបំផ្លាញនាវាពីរគ្រឿង បន្ទាប់ពីអ៊ុយក្រែនបានបាញ់មីស៊ីលចំនួន ១០គ្រាប់ និងការវាយប្រហារចេញពីទូកល្បឿនលឿនចំនួន ៣គ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ថា «បន្ទាប់ពីមានការវាយប្រហារដោយមីស៉ីលរបស់សត្រូវ (អ៊ុយក្រែន) នាវាពីរគ្រឿងដែលកំពុងជួសជុលបានរងការខូចខាត»។ មីស៉ីល ៧គ្រាប់ត្រូវប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៉ីបាញ់ទម្លាក់ ហើយទូកទាំងអស់ត្រូវបានបំផ្លាញដោយនាវាល្បាត។ មន្រ្តីតែងតាំងដោយរុស្ស៉ីប្រចាំទីក្រុង Sevastopol លោក មីកាអែល រ៉ាស់វ៉ូសហាយេវ (Mikhail Razvozhayev) បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៤នាក់រងរបួស។ យ៉ាងនេះក្តី នៅមិនមានការអត្ថាធិប្បាយភ្លាមៗនោះទេពីសំណាក់ទីក្រុងកៀវ ជុំវិញការអះអាងនេះ។

គួរបញ្ជាក់ថា នេះតំបន់ជាយុទ្ធសាស្ត្រលើឧបទ្វីបដែលរុស្ស៉ីបានកាត់បញ្ចូលពីអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ សម្រាប់បម្រើឲ្យការផលិត ជួសជុលនាវា និងនាវាមុជទឹកនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៉ី។ កន្លងមកកងនាវាសមុទ្រខ្មៅរបស់រុស្ស៉ី បានបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលជាច្រើនលើអ៊ុយក្រែន៕