(វ៉ាស៉ីនតោន)៖ របាយការណ៍ដែលចេញផ្សាយនាថ្ងៃពុធនេះ បានបង្ហាញថា វិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ បានបង្កឱ្យអន់ថយជាគំហុក នូវកិច្ចប្រឹងប្រែងដើម្បីលុបបំបាត់ ភាពក្រីក្ររបស់កុមារ ដោយមកទល់ពេលនេះ នៅមានក្មេងៗរហូតដល់៣៣៣លាននាក់ ដែលកំពុងរស់នៅ​ក្រោមស្ថានភាពទីទាល់ក្រខ្លាំងបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

របាយការណ៍ពីអង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ ហៅកាត់ យូនីសេហ្វ (UNICEF) និងធនាគារពិភពលោក បានរកឃើញថា វិបត្តិកូវីដ១៩ បានធ្វើឱ្យកិច្ចប្រឹងប្រែងលុបបំបាត់ភាពទីទាល់ក្រខ្លាំងបំផុតរបស់កុមារ សម្រេចបានចំនួនទាបជាងការព្យាករពីមុនមកដល់ទៅ ៣០លាននាក់។ ជាលទ្ធផលគិតត្រឹមពេលនេះ នៅមានកុមារប្រមាណ៣៣៣លាននាក់ ដែលកំពុងស្ថិតនៅក្រោមភាពទីទាល់ក្រខ្លាំងបំផុត។

ភាពទីទាល់ក្រខ្លាំងបំផុតសំដៅលើ ស្ថានភាពនៃការខ្វះខាតខ្លាំងធ្ងន់ធ្ងរ នូវតម្រូវការមូលដ្ឋានរបស់មនុស្ស រួមមានស្បៀងអាហារ ទឹកបរិភោគ​ដែលមានសុវត្ថិភាព អនាម័យ ការថែទាំសុខភាព កន្លែងជ្រកកោន ការអប់រំ និងព័ត៌មាន ជាដើម ហើយមានចំណូលទាបជាង២.១៥ដុល្លារ​ក្នុងមួយថ្ងៃ។ របាយការណ៍ខាងលើ ឆ្លុះបញ្ចាំងឱ្យឃើញផងដែរ អំពីឧបសគ្គនៅក្នុងគោលដៅពោរពេញដោយមហិច្ឆតា របស់អង្គការសហប្រជាជាតិ ដែលចង់លុបបំបាត់ឱ្យបានទាំងស្រុង នូវភាពទីទាល់ក្រខ្លាំងបំផុតរបស់កុមារ នៅត្រឹមឆ្នាំ២០៣០។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ដដែល ៤០ភាគរយនៃកុមារនៅតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្រ្វិក គឺកំពុងរស់នៅក្រោមភាពទីទាល់ក្រខ្លាំងបំផុត ដែលជាអត្រាខ្ពស់ជាងតំបន់ណាៗទាំងអស់លើពិភពលោក។ ធនាគារពិភពលោក និងអង្គការ UNICEF បានអំពាវនាវឱ្យប្រទេសទាំងអស់ ផ្តោតអាទិភាពលើកិច្ចប្រឹងប្រែងដោះស្រាយ​បញ្ហាភាពក្រីក្ររបស់កុមារ ហើយដាក់ចេញចំណាត់ការផ្សេងៗដើម្បីសម្រេចគោលដៅនោះ រួមមានទាំងការពង្រីកកម្មវិធីផ្តល់អត្ថប្រយោជន៍​ដល់កុមារ៕