(តូក្យូ)៖ នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន គឺលោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បានផ្លាស់ប្តូររដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេស ហើយបង្កើនចំនួនស្រ្តីនៅគណៈរដ្ឋមន្រ្តីរបស់លោក ក្នុងការរុះរើទ្រង់ទ្រាយធំមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ការផ្លាស់ប្តូររដ្ឋមន្រ្តីដ៏សំខាន់ទាំង២ខាងលើ គឺត្រូវបានជំរុញដោយនយោបាយផ្ទៃក្នុងរបស់គណបក្ស។ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៉ិម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) ត្រូវបានជំនួសដោយអតីតរដ្ឋមន្រ្តីយុត្តិធម៌ លោកស្រី យ៉ូកុ កាមីកាវ៉ា (Yoko Kamikawa) វ័យ៧០ឆ្នាំ ដែលស្ថិតក្នុងចំណោមស្រ្តីទាំង៥រូប នៅគណៈរដ្ឋមន្រ្តីថ្មីរបស់លោក គីស៉ីដា។ រីឯរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្ស៊ុ ហាម៉ាដា (Yasukazu Hamada) ត្រូវបានជំនួសដោយលោក មីណូរុ គីហារ៉ា (Minoru Kihara) វ័យ៥៤ឆ្នាំ ដែលជាសមាជិកសភា។

គួរបញ្ជាក់ថា លោក គីស៉ីដា វ័យ៦៦ឆ្នាំ បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុន នៅតុលា ឆ្នាំ២០២១ ប៉ុន្តែសំឡេងគាំទ្រ​របស់ប្រជាជនជប៉ុនសម្រាប់​រូបលោក នៅក្នុងការស្ទង់មតិ បានធ្លាក់ចុះជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ប្រជាប្រិយភាពរបស់លោកនៅក្នុងគណបក្សកាន់អំណាចផ្ទាល់ ក៏មិនសូវជាល្អប៉ុន្មាននោះដែរ ហើយលោកនឹងត្រូវឈរឈ្មោះ សម្រាប់ការបោះឆ្នោតនៅក្នុងបក្ស នាឆ្នាំក្រោយថែមទៀតផង។ បើតាមលទ្ធផល​នៃការស្ទង់មតិ ដែលចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK សំឡេងគាំទ្ររបស់សាធារណជនជប៉ុន សម្រាប់រដ្ឋាភិបាលលោក គីស៉ីដា គឺស្ថិតនៅកម្រិត៣៦ភាគរយ ទល់នឹងសំឡេងមិនគាំទ្រ៤៣ភាគរយ៕