(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ពលរដ្ឋអាមេរិក ៥នាក់ដែលកំពុងជាប់ឃុំក្នុង ប្រទេសអ៉ីរ៉ង់ គឺមានសុខភាពល្អធម្មតា ខណៈគេរំពឹងថាអាចនឹងមានការដោះដូរជាមួយពលរដ្ឋអ៉ីរ៉ង់៥នាក់ដែលកំពុងជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិក នាដើម សប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរអ្នកទោស ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី១០ ខែសីហា សហរដ្ឋអាមេរិកបានយល់ព្រមលើការផ្ទេរមូលនិធិចំនួន ៦ពាន់លានដុល្លាររបស់អ៉ីរ៉ង់ ចេញពីកូរ៉េខាងត្បូងទៅកាន់គណនីក្នុងប្រទេសកាតា ជាកន្លែងដែលពួកគេអាចចំណាយបានតែលើទំនិញមនុស្សធម៌ប៉ុណ្ណោះ ហើយ អាមេរិកនឹងត្រួតពិនិត្យលើរបៀប និងពេលវេលានៃការចាយវាយមូលនិធិទាំងនោះ។ ក្នុងសម្ភាសន៍ជាមួយទូរទស្សន៍ NBC ដែលថតនៅទីក្រុងតេហរ៉ង់ លោក រ៉ៃស៉ី បានគូសបញ្ជាក់ថា «យោងទៅតាមព័ត៌មានចុងក្រោយរបស់យើង ពលរដ្ឋអាមេរិកទាំង ៥នាក់នោះ គឺមានសុខភាពល្អណាស់»

គួរបញ្ជាក់ថា ការដោះដូរអ្នកទោសនឹងប្រព្រឹត្តទៅតាមកិច្ចព្រមព្រៀងចរចាដោយប្រយោលវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ក្រោមការសម្របសម្រួលពីកាតា។ ប្រសិនបើដំណើរការដោះដូរទទួលបានជោគជ័យ នោះអាចបន្ធូរបន្ថយភាពតានតឹងមួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដែលនៅតែមានខ្វែងគំនិតគ្នា លើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ និងការគាំទ្ររបស់អ៉ីរ៉ង់ចំពោះកងជីវពលស៉ីអ៉ីតក្នុងតំបន់៕