(មូស្គូ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបគ្នា និងចាប់ដៃគ្នាហើយនៅថ្ងៃពុធ ទី១៣ ខែកញ្ញានេះ មុន នឹងត្រូវចូលរួមក្នុងកិច្ចពិភាក្សាមួយ ដែលសហរដ្ឋអាមេរិកអះអាងថានឹងផ្តោតជាសំខាន់លើកិច្ចព្រមព្រៀងអាវុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ជំនួបរវាងលោក គីម ជុងអ៊ុន និងលោក ពូទីន ធ្វើឡើងនៅឯផែអវកាស វ៉ូស្តូឈ្នី កូសម៉ូដ្រូម (Vostochny Cosmodrome) ជាមូលដ្ឋានបាញ់បង្ហោះយានអវកាស ដ៏ទំនើបមួយ ស្ថិតនៅចុងបូព៌ាបំផុតនៃប្រទេសរុស្ស៉ី ហើយនេះក៏ជាជំនួបលើកដំបូងបំផុតផងដែររវាងមេដឹកនាកំពូលនៃប្រទេសទាំង២ ដែលបានជួបគ្នា លើកចុងក្រោយនៅឯកិច្ចប្រជុំមួយក្នុងទីក្រុង វ៉្លាឌីវ៉ូស្ដុក (Vladivostok) កាលពីឆ្នាំ២០១៩។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី លោក គីម និងលោក ពូទីន នឹងពិភាក្សាគ្នាពីទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាកិច្ចការអន្តរជាតិ។ លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងពាសដែកទៅដល់រុស្ស៉ីកាលពីថ្ងៃអង្គារ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ខណៈមានការព្រមាន ពីទីក្រុងវ៉ាស៊ីនតោនកុំឱ្យកូរ៉េខាងជើងលក់អាវុធឱ្យរុស្ស៉ី យកទៅប្រើក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ មុ​ននឹងជួបរវាងលោក គីម និងលោក ពូទីន ទាំងរុស្ស៉ី និងកូរ៉េខាងជើងសុទ្ធតែបានលើកឡើងដូចៗគា្នពីសារៈសំខាន់នៃទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំង២៕