(ប៊ុយការ៉េស)៖ ប្រទេសរូម៉ានីដែលជាសមាជិកអង្គការណាតូ នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីការចាប់ផ្តើមសាងសង់លេណដ្ឋានការពារការវាយឆ្មក់ តាមផ្លូវអាកាស សម្រាប់ប្រជាជនរបស់ខ្លួនរស់នៅក្បែរព្រំដែនជាមួយអ៊ុយក្រែន បន្ទាប់ពីបំណែកយន្តហោះដ្រូនត្រូវបានរកឃើញនៅទីនោះ កាលពីសប្តាហ៍ មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរូម៉ានី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានរូម៉ានីប្រហែល ៥០នាក់ កំពុងសាងសង់លេណដ្ឋានចំនួន ២។ លេណដ្ឋានទាំងនេះ នឹងជួយការពារអ្នកស្រុកនៃតំបន់ផ្លរូ (Plauru) ហើយនឹងត្រូវប្រគល់ទៅឲ្យអាជ្ញាធរមូលដ្ឋានគ្រប់គ្រង នៅពេលធ្វើរួចរាល់។ ប្រជាជនរូម៉ានី ដែលរស់នៅក្នុង ក្បែរតំបន់កំពង់ផែរ៉េនី (Reni) និងទីក្រុងអ៉ីសម៉ែល (Izmail) របស់អ៊ុយក្រែន ក៏នឹងទទួលបានជូនដំណឹងនៅលើទូរស័ព្ទរបស់ពួកគេផងដែរ ក្នុងករណីមាន ហានិភ័យណាមួយពាក់ព័ន្ធនឹងសង្រ្គាម។

គួរបញ្ជាក់ថា ចំណាត់ការនេះ កើតមានឡើងក្រោយពីមានការសម្រេចរបស់គណៈកម្មាធិការជាតិសម្រាប់ស្ថានភាពគ្រាអាសន្នរូម៉ានី លើវិធានការការពារ នៅលើទឹកដី និងក្នុងទីតាំងជុំវិញតំបន់មានជម្លោះអ៊ុយក្រែន។ កន្លងមក ទីក្រុងប៊ុយការ៉េស បានបង្កើនវិធានការដើម្បីពង្រឹងការត្រួតពិនិត្យ និងសន្តិសុខ ដែនអាកាសរួចហើយ បន្ទាប់ពីមានការវាយប្រហាររបស់រុស្ស៉ីម្តងហើយម្តងទៀតនៅជិតព្រំដែនរបស់ខ្លួន៕