(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នៅថ្ងៃពុធ​ ទី១៣ ខែកញ្ញានេះ បានរាយការណ៍ថាមនុស្សជាច្រើននាក់បានស្លាប់ ក្នុងគ្រោះអគ្គិភ័យដែល បានឆាបឆេះប្លុកអាផាតធើមិនមួយកន្លែង ក្នុងរដ្ឋធានីហាណូយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

អគ្គិភ័យខាងលើបានកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពាក់កណ្ដាលយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ នៅឯជាន់ចំណតនៃអគារអាផាតធើមិនមួយមាន កម្ពស់១០ជាន់ខ្ពស់។ ចំណែក ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានឱ្យដឹងថាអាជ្ញាធរបានសង្រ្គោះមនុស្ស ៧០នាក់ រីឯមនុស្ស៥៤នាក់ទៀតត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ ហើយក្នុងចំណោមអ្នកទាំងនេះមានជាច្រើននាក់ត្រូវបានរាយការណ៍ថាបានស្លាប់។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីតួលេខផ្លូវការ និងមូលហេតុបណ្ដាលឱ្យមានអគ្គិភ័យនេះនៅឡើយទេ។ អាផាតធើមិន ត្រូវបានគេរាយការណ៍មានមនុស្ស ១៥០នាក់ ស្នាក់នៅ។

គួរបញ្ជាក់ថា ក្រុមអ្នកពន្លត់អគ្គិសនី បានគ្រប់គ្រងស្ថានការណ៍ទាំងស្រុង នៅថ្ងៃព្រឹកថ្ងៃពុធនេះ ខណៈប្រតិបត្តិការស្វែងរកអ្នកមានជីវិត នៅតែបន្តធ្វើឡើង។ អគ្គិភ័យនេះបានកើតឡើងតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីមនុស្ស៣២នាក់ បានស្លាប់ក្នុងអគ្គិភ័យឆាបឆេះបារការ៉ាអូខេមួយកន្លែងក្នុង ទីក្រុងហូជីមិញ។ នៅវៀតណាម គ្រោះអគ្គិភ័យបានកើតឡើងជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការឆេះបារការ៉ាអូខេ តែម្ដង៕